បាត់ដំបង៖ ជនសង្ស័យឈ្មោះ សល់ សឿត អាយុ៤០ឆ្នាំ រស់នៅភូមិទូលតាថុន ឃុំជ្រៃ ស្រុកមោងឬស្សី។ រីឯក្មេងស្រីរងគ្រោះ អាយុ៩ឆ្នាំ ជាក្មួយសាច់ថ្លៃរស់នៅក្បែរផ្ទះជនសង្ស័យ។
លោក ស គឹមឡុង អធិការស្រុកមោងឬស្សី បានឱ្យដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចចុះទៅឃាត់ខ្លួនភ្លាមៗដោយយោងតាមបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះ។
ម្ដាយក្មេងរងគ្រោះលើកឡើងថា ជនសង្ស័យបានចាប់បង្ខំរំលោភកូនស្រីគាត់រហូតបានសម្រេចជាច្រើនដង ក្នុងអំឡុងពេលគាត់ និងស្វាមីធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ គ្រាដែលបានទុកកូនៗចំនួន០៣នាក់ឱ្យនៅជាមួយជីដូន។
ការប្រព្រឹត្តចុងក្រោយទៅលើក្មួយស្រីរបស់ខ្លួនកាលពីថ្ងៃទី០៤ តុលា នៅលើផ្ទះ ហើយត្រូវបងប្រុសរបស់នាងដែលមានអាយុជាង១០ឆ្នាំប្រទះឃើញមានការសង្ស័យក៏បានទូរស័ព្ទហៅម្ដាយពីប្រទេសថៃឱ្យមកសួរនាំទើបបែកធ្លាយរឿងអាស្រូវនេះតែម្ដង។
នៅចំពោះមុខក្មេងស្រីមន្ត្រីជំនាញបានប្រាប់ថា «ពូ សឿត ធ្លាប់ចាប់ខ្ញុំយករំលោភតាំងពីខ្ញុំទើបមានអាយុ០៦ឆ្នាំ តែពេលនេះខ្ញុំអាយុ៩ឆ្នាំហើយ ពូសឿត នៅតែហៅខ្ញុំ ឬចាប់ដៃខ្ញុំអូសចូលក្នុងបន្ទប់ផ្ទះគាត់រួចចាប់ខ្ញុំរំលោភជាបន្តបន្ទាប់ទៀត» ដោយបានប្រើល្បិចកលលួងលោមផងគំរាមកំហែងផង មុនពេលអូសនាងយកទៅរំលោភ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា រូបគាត់ពិតជាបានប្រព្រឹត្តទៅលើក្មួយស្រីពិតប្រាកដ បច្ចុប្បន្នចូលគុកបានសម្រេច៕ រំចង់