ភ្នំពេញ ៖ ក្រុមអ្នកនិយមម៉ូតូធំតម្លៃខ្ទង់ម៉ឺនដុល្លារជាច្រើនគ្រឿង ក្នុងនោះមានតារា Tik tok ល្បីៗតារាចម្រៀង ត្រូវបានកម្លាំងគយ និងរដ្ឋាករ រាជធានីភ្នំពេញឆ្មក់បង្ក្រាបនៅចំណុចការ៉ាស់សាំងកាល់តិច តាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។
ក្នុងប្រតិបត្តិការណ៍នោះកម្លាំងគយ និងរដ្ឋកររាជធានីភ្នំពេញ បានរកឃើញម៉ូតូជាង ១០០គ្រឿងដែលខ្លះមានស្លាកលេខ តែស្លាកលេខក្លែងក្លាយ ខ្លះទៀតយកស្លាកលេខម៉ូតូផ្សេង យកមកដាក់ ហើយឆែកក្នុងប្រព័ន្ធអ៊ីខាស់ស្ទឹមរបស់គយ និងដូចជាApp របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនរកឃើញខ្លះមានពន្ធ ខ្លះអត់ពន្ធ ឬម៉ូតូធំខ្លះអត់ទិន្ន័យក្នុងប្រព័ន្ធអេឡិចត្រនិចគយតែម្តង។
ដែលជាម៉ូតូគេចពន្ធ ហើយម៉ូតូខ្លះទៀត មានស្លាកលេខតែបង់ខុសឆ្នាំ ឧទាហរណ៍ដូចជាម៉ូតូខ្លះបង់ឆ្នាំ២០០៥តែម៉ូតូរបស់គាត់គឺឆ្នាំ២០១៥ ខុស១០ឆ្នាំ ២០ឆ្នាំ ខណៈម្ចាស់ម៉ូតូធំខ្លះសារភាពដោយត្រង់ថា អត់មានពន្ធត្រូវបានមន្ត្រីជំនាញស្ទូចយកទៅទុកនៅអគ្គនាយកដ្ឋានគយ ដើម្បីហៅម្ចាស់ម៉ូតូទាំងនេះ មកធ្វើកំណត់ហេតុ និងតម្រូវឱ្យបង់ពន្ធអារកតាមច្បាប់កំណត់។ ដែលការណ៍នេះបានធ្វើឱ្យក្រុមអ្នកលេងម៉ូតូធំជិត ២០០គ្រឿងខកខានគម្រោងកម្មវិធីរបស់ពួកគេនៅខេត្តសៀមរាប។
ពេលមានសកម្មភាពនេះកើតឡើងនាំឱ្យពលរដ្ឋកើតឆ្ងល់ថា តើគេនាំចូលម៉ូតូអត់ពន្ធប្រភេទនេះមកកម្ពុជាដោយរបៀបណា? តើអាចមានការឃុបខិតពីមន្ត្រីជំនាញ និងសមត្ថកិច្ចនៅតាមច្រកចេញចូលប្រទេសដែលឬទេ?៕ 1Post