លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែបានឱ្យដឹងថា រយៈពេល៤ខែ ឆ្នាំ២០២២ នេះកម្ពុជារកចំណូលពន្ធបាន១៥០១លានដុល្លារ ស្មើនឹង៥៣.២៧% ដោយសារកត្តាសំខាន់២យ៉ាង គឺការធ្វើកំណែទម្រង់ស្ថាប័ននិងទំនើបកម្មពន្ធដារ។
លោក គង់ វិបុល ថាការអនុវត្តនូវកំណែទម្រង់ស្ថាប័ន និងទំនើបកម្មពន្ធដារ ព្រមទាំងការអនុវត្តក្នុងស្មារតីសកម្ម និងបុរេសកម្មរាល់វិធានពន្ធដារនានា ធ្វើឱ្យចំណូលពន្ធដារ សម្រេចបានរហូតដល់ជាង ១.៥ពាន់លានដុល្លារ គិតត្រឹម៤ខែ ឆ្នាំ២០២២។ ជាមួយគ្នានេះចំណូលពន្ធ-អាករដែលប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៦០៨២.៥៣ប៊ីលានរៀល (ប្រមាណជា ១ ៥០១.៨៦ លានដុល្លារ) ស្មើនឹង៥៣.២៧% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៣៧៩ ប៊ីលានរៀល (ប្រមាណជា ៣៤០.៤៩ លានដុល្លារ) ស្មើនឹង ២៩.៣៦%។
គួរបញ្ជាក់ថា តាមរយៈកិច្ចប្រជុំខាងលើ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំពោះការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈសេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធសរុប ក្នុងរយៈពេល ០៤ខែឆ្នាំ២០២២ មាន ៣៣ ២៨៩ ករណី ថយចុះ ៤៦.៥% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ដែលការថយចុះនេះឆ្លុះបញ្ចាំង អំពីកំណើននៃការយល់ដឹង របស់អ្នកជាប់ពន្ធនូវច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ព្រមទាំងប្រព័ន្ធបច្ចេកវិទ្យាគាំទ្រនានា របស់អគ្គនាយកដ្ឋានពន្ធដារ៕