ភ្នំពេញ៖ រថយន្តរបស់ក្រុមហ៊ុន ហ្គួយ វណ្ណដា ត្រេនស្ព័ត អិចប្រេស ឯ.ក ហៅ (ហ៊ាតុង) ក្រៅពីដឹកអ្នកដំណើរ ត្រូវបានគេសង្ស័យថា បានដឹកទំនិញចម្រុះគេចពន្ធដែលមានប្រភពមកពីប្រទេសថៃយកមកទម្លាក់ចុះនៅចំណតរបស់ខ្លួនចន្លោះពីម៉ោង ៤ ទៅ ៥ជាងទាបភ្លឺ ស្ថិតនៅចំណុចផ្ទះលេខ៦២G ផ្លូវលេខ ២០៥ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុននឹងគេដឹកបន្តទៅកាន់គោលដៅផ្សេងៗទៀត។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុន ហ្គួយ វណ្ណដា ត្រេនស្ព័ត អិចប្រេស ឯ.ក ហៅ (ហ៊ាតុង) ដែលដឹកផលិតផលប្រទេសថៃនេះមានដូចជាប្រភេទអាហារ ពិសេសខ្សែភ្លើងស្ទើរាល់រាត្រីដែលនាំឱ្យគេកើតឆ្ងល់ថា តើជាការគេចពន្ធគប់គិតគ្នា ឬជាការឆកល្វែងមើលមិនឃើញពីមន្ត្រីជំនាញ និងសមត្ថកិច្ចដែលពាក់ព័ន្ធ? នេះជាសំណួរ។ ក្រៅពីទម្លាក់ទំនិញនៅចំណតខាងលើ រថយន្តក្រុមហ៊ុនមួយនេះក៏បានបន្តទៅដីឡូត៌ចំណតចោមចៅផងដែរ (ទ្វាររបងបិទជិត)។
ទាក់ការលើកឡើងខាងលើ លោក ផេ សុមុន្នី ប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញមិនទាន់មានការបញ្ជាក់នៅឡើយ។ ដោយលោកទទួលសារសំណួរពី 1Post ហើយតែមិនឆ្លើយតប។
ចំណែកលោក ពិត បញ្ញា ស្នងការរង ទទួលផែនប្រឆាំងបទល្មេីសសេដ្ឋកិច្ច នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ក៏មិនទាន់មានការបញ្ជាក់ផងដែរ។ បន្ទាប់ពីលោកទទួលសារសំណួរពី1Post។
ដោយឡែកលោក ស្រួច មេការក្រុមហ៊ុនហ្គួយ វណ្ណដា ត្រេនស្ព័ត អិចប្រេស ឯ.ក ហៅ (ហ៊ាតុង) បានឱ្យដឹងថា «អត់មានឃុបខិតអីទេ។ កាកខ្សែរភ្លើង១០ទៅ២០ដុំ ដឹកតែម្ដង»។
ទោះយ៉ាងនេះក្ដីប្រភពព័ត៌មានដែល 1Post ទទួលបាន ក្រៅពីដឹកអ្នកដំណើរក្រុមហ៊ុនមួយនេះតែងតែបង្កប់ទំនិញថៃមកជាមួយ ជាពិសេសខ្សែភ្លើងដឹកមកស្ទើគ្មានថ្ងៃចន្លោះដូចជារូបភាពដែលបានបង្ហាញនេះ៕ រង់ចាំទស្សនាវីដេអូនៅពេលបន្ទាប់