ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បើកយុទ្ធនាការ ចុះត្រួតពិនិត្យឃ្លាំងម៉ូតូ និងហាងបញ្ចាំចំនួន១៣ទីតាំង ហើយដកហូតម៉ូតូ ដែលពុំមានឯកសារច្បាស់លាស់ ១១១៣គ្រឿង គិតត្រឹមថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២២។
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមជំនាញកំពុងដោះស្រាយផ្ទៀងផ្ទាត់ម៉ូតូ ជាមួយខាងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកំណត់បន្ថែមឱ្យម៉ូតូទាំងនោះរបស់បុគ្គលណា ហើយម៉ូតូណាខ្លះគេចពន្ធ។ អ្វីដែល លោកកត់សម្គាល់ឃើញមានម្ចាស់ឃ្លាំងម៉ូតូនិងហាងបញ្ចាំខ្លះបានរត់គេចខ្លួន។
ភ្លោកបន្តថា ឥឡូវសម្រាកសិនភ្ជុំរួចនឹងបន្តចុះឆែកគ្រប់ទីតាំងរបស់ឃ្លាំងម៉ូតូ និងហាងបញ្ចាំនៅទូទាំងភ្នំពេញ ដើម្បីពិនិត្យមើលឯកសារម្ដងមួយៗ។ បើរកឃើញភាពមិនប្រក្រតីលើម៉ូតូណា នឹងដកហូត»។ នេះជាការលើកឡើងរបស់ លោក ឃ្លាំង ហួត ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនាថ្ងៃទី២៣ កញ្ញា ដោយអំពាវនាវឲ្យពលរដ្ឋ ដែលបាត់ម៉ូតូ អាចទៅរកមើលនៅ OCIC នៅខណ្ឌជ្រោយចង្វារ៕ 1Post