
ករណីអ្នកបើកបររថយន្តលួចបង្ហូរសាំងលក់បង្កជាអគ្គិភ័យឆេះផ្ទះពលរដ្ឋស្លាប់បីនាក់នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង ១១យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

បើតាមយុវជន ភក្ដី គារ៉ា អាយុ១៧ឆ្នាំ ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ បានបញ្ជាក់ថា មុនពេលកើតហេតុតៃកុងរថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlES បានបើកមកបង្ហូរសាំងលក់ឱ្យទៅម្ចាស់ផ្ទះខាងលើរួចគាត់បានបង្ហូរសាំងបានចំនួន ២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀតទើបតែបានកន្លះប៊ីដុង ពេលនោះម្ដាយរបស់គាត់ក៏កំពុងអាំងងាវហូបនៅពីមុខផ្ទះ ភ្លាមៗនោះស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្ដង។

ប្រភពដំណឹងបានឱ្យដឹងថា រថយន្តដឹកប្រេងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) នោះពាក់ស្លាកលេខ ភ្នំពេញ 4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) និងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ម៉ូតូចំនួន៥គ្រឿង ទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន ៥០.០០០មុឺនដុល្លារ ព្រមទាំងបណ្ដាលឱ្យស្លាប់មនុស្សចំនួន ៣នាក់។ ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុត ភាព ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់ស័ង្កសីមានទំហំទទឹង ៤ម៉ែត្រ×៦ម៉ែត្រ (អស់ទាំងស្រុង)។ ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទប្រុស អាយុ ៤០ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ បាត ស្រីមុំ ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ លក់ដូរ ផ្ទះសង់អំពីថ្ម ដំបូលប្រក់ស័ង្កសី មានទំហំទទឹង ៧ម៉ែត្រ×១៥ម៉ែត្រ (ឆេះផ្ទះអស់ទាំងស្រុង) និងបណ្ដាលឱ្យឆេះគ្រោះថ្នាក់ដល់កូនស្លាប់ចំនួន ៣នាក់ អាយុ១៨ឆ្នាំ ១៥ឆ្នាំ និង១៣ឆ្នាំ។ ចំណែកតៃកុងឡានរត់បាត់ស្រមោល។

ទាក់ទងករណីនេះ 1post មិនទាន់អាចទំនាក់ទំនងសូមការបញ្ជាក់ពីភាគីក្រុមហ៊ុន CLEAN ENERGlES (CE) បាននៅឡើយទេ៕

