ភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មាន https://1post.news/ បានផ្សាយអត្ថបទមួយមានចំណើងជើង«បុរសម្នាក់បង្កើតវេបសាយឈ្មោះ ធីញណាម ក្លែងជាឆ្នោតវៀតណាម ធ្វើស៊ីអ្នកនិយមលេងកន្ទុយលេខ» កាលពីថ្ងៃ១៧ កញ្ញា ឆ្នាំ២០២២ ត្រូវបានលោក សាក់ វណ្ណារិទ្ធ លើកឡើងថាជាការ «មួលបង្កាច់បង្ខូចកេរត្តិ៍ឈ្មោះ និងនិយាយបរិហាកេរ្តិ៍» នេះបើតាមលិខិតជូនដំណឹងដែលឃើញគេបង្ហោះលើបណ្ដាញសង្គម គ្រាដែលអង្គភាពយើងខ្ញុំមិនទាន់បានទទួលដោយផ្ទាល់នៅឡើយគិតត្រឹមព្រឹកថ្ងៃទី២០ កញ្ញា ២០២២។
ក្រោយពេលឃើញលិខិតនេះនៅលើបណ្ដាញសង្គម 1Post សូមជម្រាបជូនលោក សាក់ វណ្ណារិទ្ធ ថា 1Post បានផ្សាយព័ត៌មាននោះគឺជាការបំពេញវិជ្ជាជីវៈក្នុងនាមជាអង្គភាពសារព័ត៌មានដែលអនុញ្ញាតដោយច្បាប់របបសារព័ត៌មាន និងពុំមានចេតនា «មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងនិយាយបរិហាកេរ្តិ៍» ដូចលោកបានលើកឡើងនោះទេ ដូចខ្លឹមសារក្នុងសំណេរ និងវីដេអូ សូម្បីតែរូបថតរបស់លោកក៏ត្រូវបានបិទមុខផងដែរ និងខ្លឹមសារផ្សាយនោះគឺបញ្ជាក់ថាជាការសង្ស័យផងទៀតដូចមានក្នុងការផ្សាយចេញនោះស្រាប់។ ហើយមុននឹងផ្សាយនោះ 1Post ក៏បានព្យាយាមទំនាក់ទំនងសួរនាំលោក ដោយផ្ញើរសារសំណួរទៅលេខទូរសព្ទដៃ និងបណ្ដាញសង្គមដែលលោកប្រើមានដូចជា Line Telegram និងខលតាម Telegram តែលោកមិនលើក ថែមទាំងមិនតបសារសំណួរដែលបានផ្ញើជូនដូចខ្លឹមសារខាងក្រោម៖
សារសំណួរខាងលើនៅថ្ងៃដដែលនោះ 1Post ក៏បានផ្ញើជូនជម្រាបសួរលោកស្នងការខេត្តបាត់ដំបងផងដែរ ដោយក្រុមប្រតិកម្មរហ័សនៃស្នងការក៏បានឆ្លើយតបថា «គណៈកម្មាធិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់របស់រាជរដ្ឋាភិបាលបង្កេីតហេីយ ទុកភារកិច្ចជូនគណៈកម្មាធិការនេះ លោកជាសមត្ថកិច្ចចុះ»។
ដូចអ្វីដែលរៀបខាងលើទើបនៅថ្ងៃទី២០ កញ្ញា ឆ្នាំ២០២២ នេះ1Post បានឃើញលិខិតជូនដំណឹងតាមរយៈបណ្ដាញសង្គមហ្វេសបុក ដោយលោក សាក់ វណ្ណរិទ្ធ បានបញ្ជាក់ថា «លោកមិនដែលមានជាប់ពាក់ព័ន្ធជាមួយរឿងឆ្នោត និងមិនដែលបានបង្កើតគេហទំព័រឆ្នោតអ្វីឡើយ រិតតែមិនដែលស្គាល់គេហទំព័រឆ្នោតអ្វីដែរ» និងខ្លឹមសារផ្សេងទៀត ដូចលិខិតជូនដំណឹងខាងក្រោម៖
1Post សូមជម្រាបបន្ថែមជូនសាធារណៈជនថា តាមខ្លឹមសារក្នុងលិខិតរបស់លោក សាក់ វណ្ណរិទ្ធ គឺលោកបានបញ្ជាក់ហើយថា មិនស្គាលវេបសាយឆ្នោតវៀតណាមឈ្មោះ ធីញណាម និងពាក់ព័ន្ធនោះទេ ដោយតម្រូវឱ្យមានការសុំទោសនោះ យើងខ្ញុំសូមធ្វើការសុំទោសដល់លោក ដែលគ្រានោះលោកមិនទាន់មានការបញ្ជាក់ តែការមិនបញ្ជាក់ ឬបញ្ជាក់ ក៏ជាព័ត៌មានដែលអង្គភាពយើងផ្សាយ ដោយគ្មានចេតនាបង្ខូចកេរ្តិ៍ ឬបរិហាកេរ្តិ៍នោះទេ។
សូមរម្លឹកថា កាលពីថ្ងៃ១៧ កញ្ញា ឆ្នាំ២០២២ 1Post បានផ្សាយអត្ថបទមួយមានចំណើងជើង«បុរសម្នាក់បង្កើតវេបសាយឈ្មោះ ធីញណាម ក្លែងជាឆ្នោតវៀតណាម ធ្វើស៊ីអ្នកនិយមលេងកន្ទុយលេខ» ដែលមានខ្លឹមសារដូចខាងក្រោម៖
ភ្នំពេញ៖ ក្រុមមេឆ្នោតក្រៅច្បាប់រហ័សនាម ៩០០០ (ប្រាំបួនពាន់) នៅស្រុកខ្មែរបានបង្កើតវេបសាយមួយឈ្មោះ https://thinhnam.com/ មកបន្លំចេញលទ្ធផលឆ្នោតរបស់ប្រទេសវៀតណាម ធ្វើស៊ីអ្នកចាក់នៅស្រុកខ្មែរ ពិសេសអ្នកចូលចិត្តលេងលទ្ធផលចេញម៉ោង ០១កន្លះពេលថ្ងៃ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមនេះមានមេធំជាបុរសម្នាក់ឈ្មោះ សាក់ វណ្ណារិទ្ធ កើតឆ្នាំ១៩៨៧នៅទួលគោក រាជធានីភ្នំពេញ បានបង្កើតវេបសាយមួយឈ្មោះ ធីញណាម https://thinhnam.com/ ឡើងនៅក្នុងកំឡុងឆ្នាំ ២០១៩ ដើម្បីក្លែងជាក្រុមហ៊ុនឆ្នោតវៀតណាមគ្រាដែលឆ្នោតពិតប្រាកដ minhngoc.net.vn ផ្អាកដំណើរការលេងក្នុងកំឡុងពេលកូវិដ-១៩កំពុងផ្ទុះខ្លាំង។ រហូតពេលនោះដល់បច្ចុប្បន្នលោក និងក្រុមការងារកំពុងក្ដោបក្ដាប់ជំនួញឆ្នោត(កន្ទុយលេខ) ដោយយកវេបសាយនេះជាឧបករណ៍ធ្វើស៊ីពលរដ្ឋពិសេសអ្នកនិយមលេងលទ្ធផលចេញពេលថ្ងៃម៉ោង ០១:៣០ ផ្ទុយពីម៉ោង ០៤ទៅ០៦ល្ងាច ដែលយកលទ្ធផល minhngoc.net.vn មកស៊ីសង។ ក្នុងនោះកូនកញ្ច្រែងរបស់លោកមានភាគច្រើននៅខេត្តពោធិ៍សាត់ បាត់ដំបងបន្ទាយមានជ័យ និងឧត្ដមានជ័យ ជាដើម។
ទាក់ទងការសង្ស័យខាងលើលោក សាក់ វណ្ណារិទ្ធ មិនទាន់មានការបញ្ជាក់នៅឡើយទេ បន្ទាប់ពី1Post ផ្ញើសារសំណួរទៅលេខទូរសព្ទដៃ និងបណ្ដាញសង្គមដែលលោកប្រើ (Line & Telegram) កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២២។
ចំណែកស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន បានឱ្យដឹងយ៉ាងខ្លីថា សូមឱ្យសួរទៅក្រុមប្រតិកម្មរហ័សរបស់ស្នងការដ្ឋាន។
ដោយឡែកខាងប្រតិកម្មរហ័សនៃស្នងការខេត្តបាត់ដំបង បានលើកឡើងថា គណៈកម្មាធិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់របស់រាជរដ្ឋាភិបាលបង្កេីតហេីយ ទុកភារកិច្ចជូនគណៈកម្មាធិការនេះ លោកជាសមត្ថកិច្ចចុះ។
សូមរម្លឹកថា នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២២ នេះដែរ តាមរយៈសារសម្លេងរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានព្រមានបញ្ជប់តួនាទីមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធនឹងល្បែងខុសច្បាប់ និងបញ្ជាដល់កងម្លាំងថ្នាក់ក្រោមជាតិ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ភេទនៅគ្រប់ទីកន្លែង «យ៉ាងដាច់ណាត់»។ មន្រ្តីថ្នាក់ក្រោមជាតិ គឺសម្តេចសំដៅចាប់តាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រុង-ស្រុក-ខណ្ឌ ហើយកងកម្លាំងដែលសម្តេចសំដៅនោះក៏រាប់ចាប់តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រុង-ស្រុក-ខណ្ឌដូចគ្នា ដោយបូករួមទាំងប៉ុស្តិ៍នគរបាលនៅថ្នាក់ឃុំ-សង្កាត់ផងដែរ៕ តាពេជ្រ