សេចក្ដីរាយការណ៍មកថា ទីតាំងកន្ទុយលេខវៀតណាមមួយកន្លែងនៅតែបន្តបើកលេងក្នុងផ្ទះលេខ១៥ ជ្រកក្រោមស្លាកលក់ទំនិញយេហោ ធីប្លាស្ទិក ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦ ក្នុងបុរីពិភពថ្មីកំបូល (ក្បែរផ្សារកំបូល) គ្មានខ្លាចក្រែងអាជ្ញាធរ និងសមត្ថកិច្ចនគរបាលមូលដ្ឋានឡើយដោយសំអាងឡូហ្គោ 888 គ្រាកន្លងទៅកាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ អភិបាលរងខណ្ឌកំបូល លោក ហោ វាសនា និងមន្ត្រីជំនាញដែលពាក់ព័ន្ធចុះធ្វើការស៊ើបអង្កេតដឹងការពិតហើយក៏ឈានដល់ការបង្ក្រាបបានតែ១ចំអិនកំពឹសក៏ម្ចាស់ទីតាំងបើកលេងវិញយ៉ាងរំភើយ។
ជាក់ស្ដែងតាមរូបភាពវីដេអូដែល 1Post ទទួលបានគឺស្ត្រីអ្នកគត់ និងជាម្ចាស់ទីតាំងកន្ទុយលេខវៀតណាមខាងលើ បានកំពុងគត់ឆ្នោតហូ និងចាក់ជាឡូត៌ ដែលបញ្ជាក់ថាជា (ឆ្នោតវៀមណាម) គ្រាមានអ្នកចូលចាក់ជាហូរហែ។
ទាក់ទងសកម្មភាពនេះអភិបាលខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា បានឱ្យ 1Post ដឹងយ៉ាងខ្លីថាលោកនឹងចាត់មន្រ្តីចុះពិនិត្យ អរគុណ។
សូមរម្លឹកថា ក្នុងប្រតិបត្តិការកាលពីខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញភ័ស្ដុតាង ហើយម្ចាស់អាជីវកម្ម ត្រូវបានណែនាំឱ្យបញ្ឈប់សកម្មភាព និងធ្វើកិច្ចសន្យាទទួលស្គាល់កំហុស បើនៅតែមិនរាងចាល នឹងត្រូវអនុវត្តតាមនីតិវិធីទៅតុលាការ។ តែរំលងមិនបានពីរថ្ងៃផងម្ចាស់ទីតាំងនេះក៏បើកលេងវិញ ខាងសមត្ថកិច្ចចម្រុះក៏ចុះបង្ក្រាបលើកទី២ នាំទាំងភស្ដុតាង និងជនសង្ស័យទៅដល់សាលាខណ្ឌមួយចំអិនកំពឹសក៏ដោះលែងជននោះមកវិញ និងបានបើកលេងដូចដើមរហូតមកដល់បច្ចុប្បន្ន។ ហើយបើតាមការខ្សឹបខ្សៀវមក គឺក្រុម 888 ជាមេស៊ីសងនៅពីក្រោយដោយក្រុមនេះសំអាងបក្ខពួករបស់ខ្លួនជាលោកតៃកុងឡានអ្នកធំ។
ទាក់ទងនឹងល្បែងស៊ីសងនេះដែរគ្រា កន្លងទៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានី លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានក្រើនរម្លឹកដល់អាជ្ញាធរខណ្ឌទាំងអស់ ឱ្យយកចិត្តទុកដាក់ពិនិត្យ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋាន ដើម្បីធានាសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ តាមគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕