អាជ្ញាធរស្រុកបទុមសាគរ បើកកិច្ចសម្របសម្រួលដោះស្រាយបែងចែកដីធ្លីជូនប្រជាពលរដ្ឋ១៣១គ្រួសាររស់នៅភូមិជីត្រេះ ឃុំអណ្តូងទឹក បន្ទាប់ពីមានវិវាទនឹងក្រុមហ៊ុន ស៊ីណូមិចស៊ីនជាង១០ឆ្នាំមកហើយ គ្រាលទ្ធផលសម្រេចបាន៩០ភាគរយសៈជា នៅតែ១០ភាគរយជំទាស់បដិសេធ។
អភិបាលស្រុកបូទុមសាគរ លោក ហាក់ ឡេង បានឱ្យដឹងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ថាមានតែជាង១០នាក់ប៉ុណ្ណោះដែលបដិសេធមិនឯកភាពពីការរកដំណោះស្រាយតាមនយោបាយឈ្នះឈ្នះរបស់រដ្ឋបាលខេត្តកោះកុង។ រីឯប្រជាពលរដ្ឋ១៣១គ្រួសារបានពេញចិត្តគាំទ្រយកដោះស្រាយនេះដោយគ្មានការបង្ខិតបង្ខំ។
លោកបន្តថា ពលរដ្ឋជាង១០គ្រួសារ ជំទាស់បដិសេធមិនទទួលយក ទំនងជាដោយសារតែជឿតាមការញុះញង់របស់បុគ្គលលោភលន់មួយចំនួន ដែលចង់បានលើសពីគោលការណ៍ដោះស្រាយរបស់ថ្នាក់ដឹកនាំ និងខ្លះទៀតបានលក់ដូរឱ្យឈ្មួញមុននឹងដំណើរការដោះស្រាយដោយចង់បានចំណេញច្រើន។
លោកបញ្ជាក់ថា អាជ្ញាធរនឹងសុំគោលការណ៍ដោះស្រាយបន្តពីលោកស្រី មិថុនា ភូថងអភិបាលខេត្តកោះកុងចំពោះពលរដ្ឋជាង១០គ្រួសារទំនាស់។ ចំណែកប្រជាពលរដ្ឋ១៣១គ្រួសារដែលទទួលយកដំណោះស្រាយត្រូវបានកត់ត្រាទុករង់ចាំចាប់ឆ្នោតជ្រើសរើសកំណត់ទីតាំងបែងចែកឡូតិ៍របស់ខ្លួនទៅថ្ងៃមុខ។
បើតាមគោលការណ៍ពលរដ្ឋដែលយល់ព្រមក្នុង១គ្រួសារនឹងទទួលបានដីលំនៅឋានពី២០ម៉ែត្រគុណ៧០ម៉ែត្រ ឬ ២០ម៉ែត្រគុណ១០០ម៉ែត្រ និងដីធ្វើស្រែចម្ការ១ហិកតាកន្លះ។ ករណីពលរដ្ឋណាបានលក់ដូរទៅឱ្យឈ្មួញមុនដំណើរការដោះស្រាយនេះ គឺពលរដ្ឋសាមីនឹងដោះស្រាយដោយខ្លួនឯងបន្ត។
សូមរម្លឹកថា អស់២អាណត្តិអភិបាលស្រុកបទុមសាគរមកហើយចំពោះដំណើរការដោះស្រាយបែងចែកដីធ្លីជូនពលរដ្ឋ១៣១គ្រួសារ តែគ្មានប្រសិទ្ធភាពឡើយ។ គ្រាកន្លងទៅ ក្រសួងបរិស្ថានបានកាត់ផ្ទេរផ្ទៃដីប្រមាណ៦០០ហិកតាពីក្រុមហ៊ុន ស៊ីណូមិចស៊ីន មកឱ្យរដ្ឋបាលខេត្តកោះកុងជាអ្នកគ្រប់គ្រង។ ក្នុងនោះ១០០ហិចតា នឹងត្រូវបែងចែកជូនពលរដ្ឋ១៣១គ្រួសារដើម្បីបញ្ចប់វិវាទ។ រីឯផ្ទៃដីដែលនៅសេសសល់ នឹងត្រូវប្រើប្រាស់ពេលណាមានតម្រូវសម្រាប់កសាងវត្តអារាមសាលារៀន ផ្សារ ទីលានចាក់សំរាម កន្លែងទឹកស្អាត និងទីលានទាត់បាល់ ជាដើម៕ SN