សេចក្ដីរាយការណ៍មកថា បនល្បែងស៊ីសងល្មើសច្បាប់កំពុងឱ្យជនជាតិខ្មែរ និងវៀតណាមចូលលេងយ៉ាងសេរីនៅច្រកព្រំដែន ចំណុចស្វាយអាង៉ោង ស្ថិតនៅឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង មិនឃើញមានការបង្ក្រាបពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញ។ វីដេអូ https://fb.watch/dTBbEqBYlI/
សកម្មភាពបើកលេងនេះជាច្រើនខែមកហើយ ដែលមានល្បែងភ្នាល់ជល់មាន អាប៉ោង និងបៀរ(BACARAT) កំពុងពង្វក់អ្នកញៀនល្បែង ដោយការបើកឱ្យជនជាតិខ្មែរចូលលេងល្បែងទាំងនេះ ដែលអាចនឹងបង្កឱ្យមានភាពអសន្តិសុខ ហិង្សា ចោរកម្ម និងអំពើប្លន់ជាដើម។
តាមប្រភពដែល 1Post ទទួលបាន ក្រុមមេធំជនជាតិខ្មែរ បានម៉ៅការពីថៅកែបនល្បែងជនជាតិវៀតណាម ឈ្មោះ ចូវ ក្នុងមួយសប្តាហ៍ចំនួន ២ថ្ងៃ ចំណែក ៥ថ្ងៃទៀតគឺវៀតណាមជាអ្នកធ្វើមេស៊ីសង។
ទាក់ទងនឹងសកម្មភាពនេះកាលពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០២២ អធិការស្រុកកំពង់ត្របែក លោក សួនសំអឿន បានឱ្យ 1Post ដឹងថា ករណីនឹងជាសមត្ថកិច្ចខាងនគរបាលការពារព្រុំដែនវរៈ៦០៧ រឿងលេងរឿងឆ្លងដែន សូមឱ្យសួរនគរបាលនៅការពារក្បែរនឹងគេដឹងហើយ ព្រោះដែនគាត់គ្រប់គ្រង។ ចំណែកលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង មិនទាន់ឆ្លើយតបសារសំណួរដែលក្រុមការងារ 1Post បានផ្ញើចូលទៅតេឡេក្រាមរបស់លោក។
1Post ក៏មិនទាន់អាចសុំការបញ្ជាក់ពីលោកមេបញ្ជាការវរៈព្រំដែនវរៈ ៦០៧ បាននៅឡើយ។
សូមរម្លឹកពាក្យចាស់បុរាណពោលថា ល្បែងតែងវិនាស ឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា ចោរស្រុកមិនឱ្យដៃ ចោរព្រៃមិនហ៊ានដែរ យ៉ាងណាមិញសហគមន៍អភិវឌ្ឍន៍ប្រសើរបាន គឺមិនរំពឹងលើល្បែងស៊ីសងឡើយ ផ្ទុយទៅវិញគឺអាចនឹងបង្កឱ្យកើតអន្តរាយ ផ្ទុយពីគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕ SP