កម្ពុជារៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ផ្លូវរថភ្លើងក្រោមដី(Subway) ឬ ផ្លូវរថភ្លើងលើអាកាស(Monorail) ជាជម្រើសនៅក្នុងរាជធានីភ្នំពេញ ដែលក្រុមការងារបច្ចេកទេសសិក្សារកឃើញលទ្ធផលជាបឋម និងបើកកិច្ចប្រជុំជាមួយមន្ត្រីជំនាញ អាជ្ញាធរ និងតំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) តំណាងក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន (CCCC) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងពីគម្រោងសិក្សារបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលអាចចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងក្រុងប្រកបដោយប្រសិទ្ធភាព ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាល ធ្វើការពិនិត្យសម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយដែលសមស្រប និងអាចទទួលយកបាន។
បន្ទាប់ពីការធ្វើបទបង្ហាញរបស់ក្រុមអ្នកជំនាញឯកទេស ក្រុមហ៊ុនដែលបានសិក្សាទៅលើលទ្ធភាពសាងសង់បណ្តាញផ្លូវរថភ្លើង ដែលបានគ្រោងតភ្ជាប់ស្ទើរគ្រប់ទីតាំង ជាពិសេសលើតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ នៃរាជធានីភ្នំពេញរួចមក អង្គប្រជុំបានពិភាក្សាលម្អិតបន្ថែមទៅលើលទ្ធផលនៃការសិក្សាជាបឋមនេះ។ ក្រុមហ៊ុនបានសិក្សាដោយផ្អែកលើមូលដ្ឋាននៃការប្រៀបធៀបតម្លៃឯកតាចំណាយលើការសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬផ្លូវរថភ្លើងលើអាកាស(Monorail) រយៈពេលនៃការសាងសង់ តម្លៃប្រតិបត្តិការ និងចំណាយលើការថែទាំជាដើម។
លោក ស៊ុន ចាន់ថុល ក៏បានជំរុញឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ធ្វើការសិក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតលើចំណុចដែលនៅខ្វះចន្លោះមួយចំនួនទៀត គឺធ្វើយ៉ាងណាឱ្យគម្រោងនៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយមុននឹងដំណើរការ៕