ទីភ្នាក់ងារជំរុញពាណិជ្ជកម្មវៀតណាម (Vietrade) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម កាលពីថ្ងៃទី២១ ខែមិថុនា បានរៀបចំធ្វើសិក្ខាសាលាពិគ្រោះយោបល់ធំមួយនៅខេត្ត Tay Ninh សម្រាប់ក្រុមហ៊ុននាំចេញក្នុងស្រុក ដែលមានការចាប់អារម្មណ៍ទៅលើទីផ្សារប្រទេសឡាវ និងថៃ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Vietnam Plus ក៏បានបង្ហាញទៀតថា ព្រឹត្តិការណ៍ស្រដៀងគ្នានេះមួយផ្សេងទៀត ត្រូវបានធ្វើឡើងនៅថ្ងៃបន្ទាប់ផងដែរ ដើម្បីគាំទ្រដល់ធុរកិច្ចវៀតណាម ក្នុងការនាំចេញផលិតផលកសិកម្ម និងអាហារ មកកាន់ទីផ្សារប្រទេសកម្ពុជា។
បើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញរបស់វៀតណាម មកកាន់ប្រទេសកម្ពុជាយើង មានតម្លៃ ៤,៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ កើនឡើង ១៥,៧% បើធៀបទៅនឹងឆ្នាំមុន ខណ:តួលេខនេះ បានកើនឡើង ៣១,២% ក្នុងរយ:ពេល ៥ ខែដំបូងនៃឆ្នាំនេះ ដល់ចំនួន ២,៦ ពាន់លានដុល្លារ។
កម្ពុជាបាននាំចូលផលិតផលដែក ផលិតផលគីមី ប្លាស្ទិក គ្រឿងចក្រ និងឧបករណ៍អគ្គិសនីអាហារកែច្នៃ និងគ្រាប់ធញ្ញជាតិពីប្រទេសវៀតណាម ខណ:ការនាំចេញទៅវៀតណាមវិញ មានដូចជាកៅស៊ូ គ្រាប់ស្វាយចន្ទី និងផលិតផលកសិកម្ម ។
ជាមួយគ្នានេះ ពាណិជ្ជកម្មរបស់វៀតណាម ជាមួយប្រទេសឡាវ បានឈានដល់ ៧០៨,២ លានដុល្លារ ក្នុងរយ:ពេល ៥ ខែដំបូងនៃឆ្នាំ ២០២២ នេះ ជាមួយនឹងការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសជិតខាង បានធ្លាក់ចុះ ១១,៧% ពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹមចំនួន ២៤៧,២ លានដុល្លារអាមេរិក។
ទំនិញដែលវៀតណាម ដឹកជញ្ជូនទៅកាន់ប្រទេសឡាវ ភាគច្រើនជាផលិតផលដែក យានជំនិះគ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន ជី បា្លស្ទិក និងបន្លែ។
ដោយឡែកសម្រាប់ប្រទេសថៃ នៅតែស្ថិតនៅក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង ១០ របស់វៀតណាម អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ខណ:បើតាមទិន្នន័យពីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ បានកើនឡើង ៧ដង ដល់ចំនួន ១៦,៥៨ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២០ ពីចំនួន ២,៣១ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០០៤មួយនឹងកំណើនប្រចាំឆ្នាំ ជាមធ្យមជាង ១១%។ ហើយសម្រាប់រយ:ពេល ៥ ខែដំបូងនៃឆ្នាំនេះទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំង ២ មានចំនួន ៨,៥៧ ពាន់លានដុល្លារខណ:ការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសថៃ មានចំនួន ២,៩៥ ពាន់លានដុល្លារកើនឡើង ១៥,៦% ជាមួយនឹងផលិតផលនាំចេញ មានដូចជាគ្រឿង សមុទ្រ បន្លែ គ្រាប់ស្វាយចន្ទីកាហ្វេ ម្រេច និងផ្លែឈើ៕ Vietnam plus