
សហភាពអឺរ៉ុបថ្មីៗនេះបានបញ្ជូនអង្ករខ្មែរមួយចំនួនត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីរកឃើញមានសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិ ដែលកំពុងជះឥទ្ធិពលអាក្រក់ដល់ការនាំចេញអង្ករខ្មែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម។

បន្ទាប់ពីបញ្ជូនអង្ករខ្មែរត្រលប់មកកម្ពុជាវិញ សហភាពអឺរ៉ុបក៏បានជូនដំណឹងជាបន្ទាន់នៅលើគេហទំព័រស្តីពីម្ហូបអាហារ និងចំណីសត្វរបស់ខ្លួនពីការរកឃើញនៅក្នុងអង្ករខ្មែរនូវកម្រិតសំណល់ថ្នាំកសិកម្មជាសារធាតុ Acetamiprid Tricyclazole និងសារធាតុ Thiamethoxam លើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុបចំនួន ០,០១មីលីក្រាមក្នុងអង្ករមួយគីឡូក្រាម។ ក្នុងនោះតាមបញ្ញត្តិរបស់សហភាពអឺរ៉ុប គឺមានសារធាតុសកម្មថ្នាំកសិកម្មតែចំនួន ៣១៣មុខប៉ុណ្ណោះក្នុងចំណោម ៥១៧មុខដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ។ ចំណែកកម្រិតសំណល់ថ្នាំកសិកម្មអតិបរមាក្នុងអង្ករអនុញ្ញាតឱ្យមានត្រឹមតែ ០,០១មីលីក្រាមប៉ុណ្ណោះក្នុងអង្ករមួយគីឡូក្រាម។

អគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា ខ្លួនកំពុងជំរុញឲ្យមានការអនុវត្តនូវវិធានការមួយចំនួនដូចជា ការរៀបចំចងក្រងសហគមន៍កសិកម្មទំនើប ផលិតកម្មដំណាំស្រូវតាមកិច្ចសន្យា និងការដាំដុះប្រភេទពូជស្រូវដែលមានសក្តានុពលរបស់ជាតិ។ អគ្គនាយកដ្ឋានកសិកម្មក៏បានកំណត់តំបន់ដាំដុះដំណាំស្រូវ ផ្សព្វផ្សាយអំពីលក្ខខណ្ឌសម្រាប់តម្រូវការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ពិសេសផ្តោតលើការប្រើប្រាស់ប្រភេទថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបញ្ញត្តិ។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជាក្នុងឆ្នាំ២០២៤ ប្រទេសកម្ពុជាបាននាំចេញអង្ករ ៦៥ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិដែលគិតជាទឹកប្រាក់ចំនួន ៤៩១លានដុល្លារអាមេរិក។ ទីផ្សារនាំមុខគឺសហភាពអឺរ៉ុបដែលបានទទួលទិញអង្ករខ្មែរក្នុងបរិមាណជាង ៣២ម៉ឺន៧ពាន់តោនដែលគិតជាទឹកប្រាក់មានចំនួន ២៥៣លានដុល្លារ៕
