លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗនេះបានលើកឡើងថា «លោកអត់ដែលបានដឹងថា មានល្បែងដែលមានច្បាប់អនុញ្ញាតពីពេលណានោះទេ ព្រោះរដ្ឋបាលខេត្តមិនដែលបានចេញច្បាប់ឱ្យលេង ហើយលោកក៏មិនដឹងថា ល្បែងទាំងនោះមានច្បាប់មកពីលើនោះដែរនិងក៏មិនមានពលរដ្ឋណាយកច្បាប់ទម្លាប់ ឬលិខិតស្នាមណាមួយមកបង្ហាញដែរ។ រដ្ឋបាលខេត្តមិនដែលចេញច្បាប់ឱ្យលេងល្បែងទេ បើមានគឺ មានតែចេញឱ្យចាប់ល្បែងទាំងនោះ បើអនុញ្ញាតគឺគ្មានទេ»។
លោកសម សាមួន ស្នងការខេត្តកំពង់ស្ពឺ បានឱ្យអ្នកសារព័ត៌មានដឹងថា សមត្ថកិច្ចនឹងមានចំណាត់ការតាមច្បាប់ នៅពេលដែលមានបទបញ្ជារបស់ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ។
លោកបន្តថា ចំណាត់ការដូចភ្លៀងរលឹម លោកនឹងដាក់បញ្ជាទៅអធិការក្រុង ស្រុកទាំង៨ ឱ្យអនុវត្ត ដោយជំហ៊ានទី១ ផ្សព្វផ្សាយ អប់រំប្រជាជនតាមគ្រប់រូបភាព ជាពិសេសតាមរយ:វេទិការសាធារណ: និងទី២ អនុវត្តតាមច្បាប់តែម្តង។
សូមរលឹកថា ក្រៅពីល្បែងឡូតូឆ្នៃធ្វើស៉ីតាមរយៈវេបសាយរបស់មេល្បែង កើបលុយពីពលរដ្ឋយ៉ាងងាយស្រួល ក៏មានកន្លែងកត់កន្ទុយលេខ (ឆ្នោតខ្មែរ វៀតណាម ជល់មាន់) នៅតាមបណ្ដាហាងកាហ្វេ ទីប្រជុំជន បើកលេងទាំងចំហរ និងលួចលាក់ជាច្រើនទីតាំងផងដែរ។
បើតាមប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះបានខ្សឹបខ្សៀវមកថា ល្បែងស៉ីសងឡូតូដែលកំពុងធ្វើស៉ីពលរដ្ឋនោះ គឺក្រុមមេល្បែងបានបង្កើតវេបសាយតម្លើងនៅក្នុងដុំម៉ាស៊ីនមួយ ហើយបើកលើអេក្រង់ទូរទស្សន៍ ដោយរៀបជាស្រេចហើយក្នុងការធ្វើស៊ី មិនខុសអីនឹងល្បែងបច្ចេកវិទ្យា ល្បែងអនឡាញ ល្បែងស្លុតម៉ាស៉ីន មិនមែនជាល្បែងផ្សងសំណាងនោះទេ ដែលគេសង្ស័យថាល្បែងទាំងនោះយកអាជ្ញាបណ្ណឆ្នោតខ្មែរ ឬឆ្នោតកោស មកបំភ័ន្តប៉ុណ្ណោះ តើការពិតដែរឬទេ?
ពាក្យចាស់ពោលថា ល្បែងតែងវិនាស ចោរស្រុកមិនឱ្យដៃ ចោរព្រៃមិនហ៊ានដែរ យ៉ាងណាមិញសហគមន៍អភិវឌ្ឍន៍ប្រសើរបាន គឺមិនរំពឹងលើល្បែងស៊ីសងឡើយ ផ្ទុយទៅវិញគឺបង្កឱ្យកើតអន្តរាយ ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕ SP