
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ក្នុងសវនាការជំនុំជម្រះប្រឆាំងរូបលោកនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ បានប្រកាសជាផ្លូវការថា លោកនឹងគ្មានទំនាក់ទំនងអ្វីទាំងអស់ជាមួយលោក សម រង្ស៊ី ដែលកំពុងរងបណ្តឹងជាច្រើន និងកំពុងរស់នៅបរទេស។ លោក កឹម សុខា អះអាងថា រូបលោក និងលោក សមរង្ស៊ី មិនមែនជាមនុស្សតែមួយដូចដែលលោក សម រង្ស៊ី ធ្លាប់បានលើកឡើងទៀតនោះទេ។
លោក កឹម សុខា ថ្លែងថា៖ «ខ្ញុំឈប់មានទំនាក់ទំនងអីជាមួយនឹង សម រង្ស៊ី ទៀតហើយ។ ពាក្យសម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយហ្នឹងក៏មិនមានទៀតដែរ។ ចុងក្រោយនេះ គាត់វាយប្រហារខ្ញុំ រឿងខ្ញុំមិនទៅបោះឆ្នោតគឺជាកំហុសដ៏ធំអីអស់ហ្នឹង។ អស់លោកឃើញទេ ថ្ងៃគាត់ប្រកាសចូលប្រទេស ថ្ងៃទី៩ វិច្ឆិកា ក៏ខ្ញុំមិនចូលរួមដែរ ហើយមានតែខ្ញុំហាមកូនចៅខ្ញុំមិនឱ្យគាំទ្រទៀតផង។ ប្រសិនបើខ្ញុំមានសិទ្ធិនយោបាយ ខ្ញុំហ៊ានដល់ធ្វើសន្និសីទកាសែតទៀត។ អ្នកណាធ្វើអាក្រក់ សូមទៅឱ្យឆ្ងាយពីខ្ញុំ។ ខ្ញុំក៏អរគុណហើយ ដែលតំណាងអយ្យការ បានសួរខ្ញុំអំពីរឿងហ្នឹង។

ការប្រកាសរបស់លោក កឹម សុខា ធ្វើឡើងអំឡុងពេលលោកចូលបង្ហាញខ្លួនក្នុងសវនាការជំនុំជម្រះប្រឆាំងរូបលោកនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ២០២២។
លោក កឹម សុខា បានប្រកាសនៅក្នុងបន្ទប់សវនាការថា លោកនឹងគ្មានទំនាក់ទំនងអ្វីទាំងអស់ជាមួយលោក សម រង្ស៊ី ដែលកំពុងរងបណ្តឹងជាច្រើន និងកំពុងរស់នៅបរទេស។ លោក កឹមសុខា អះអាងថា រូបលោក និងលោក សម រង្ស៊ី មិនមែនជាមនុស្សតែមួយដូចដែលលោក សមរង្ស៊ី ធ្លាប់បានលើកឡើងទៀតនោះទេ៕