ព្រះរាជអាជ្ញានៃសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានស្នើទៅកាន់ចៅក្រមជំនុំជម្រះ ឱ្យឃុំខ្លួនលោក កឹម សុខា ជាបណ្ដោះអាសន្នឡើងវិញ ដោយព្រះរាជអាជ្ញាចោទប្រកាន់លោក កឹម សុខា ថាបានបំពានបម្រាមរបស់តុលាការ ក្រោយលោកកឹម សុខា បានចុះជួបអ្នកគាំទ្ររបស់ខ្លួនកាលពីពេលកន្លងទៅ។
ការប្រកាសស្នើរបស់ព្រះរាជអាជ្ញាដូចនេះបានធ្វើឡើងក្នុងពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកសវនាការលើកទី៤៦ ជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា។
ដោយព្រះរាជអាជ្ញាសង្កត់ធ្ងន់ថា លោក កឹម សុខា បានបំពានបម្រាមរបស់តុលាការ បន្ទាប់ពីមេបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយរូបនេះ បានចុះជួបសំណេះសំណាលជាមួយអ្នកគាំទ្ររបស់ខ្លួនកាលពីពេលថ្មីៗនេះ។
សូមរម្លឹកថា លោក កឹម សុខា ត្រូវបានរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពត្រូវរ៉ូវជាមួយរដ្ឋបរទេស» ចង់ផ្តួលរំលំរដ្ឋាភិបាល។ លោកត្រូវបានតុលាការបិទសិទ្ធិធ្វើនយោបាយប្រមាណ៤ឆ្នាំមកហើយ គិតចាប់ពីថ្ងៃចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ និងក្រោយមកនៅក្រៅឃុំបណ្ដោះអាសន្នក៏ដោយ៕