លោក កឹម សុខា អតីតមេបក្សសង្គ្រោះជាតិកាលពីរសៀលថ្ងៃអង្គារ ទី១២ ខែកក្កដា ២០២២ បានជួបជាមួយ លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាសុីបូព៌ា និងប៉ាសុីហ្វិក ក្នុងដំណើរទស្សនៈកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។ ក្នុងជំនួបនេះក៏មានលោក Patrick Murphy និងសហការីផងដែរ។
លោក កឹម សុខា បានលើកឡើងថា ក្នុងរយៈពេលពីរសប្តាហ៍ដើមខែកក្កដានេះ តាមរយះជំនួបរបស់លោកជាមួយនឹងតំណាងប្រទេសមហាអំណាចពិភពលោក ដែលប្រកាន់យកនូវគោលការណ៍ប្រជាធិបតេយ្យមានដូចជា៖ ១ប្រទេសជប៉ុន មហាអំណាចនៅទ្វីបអាសុី។២សហភាពអឺរ៉ុប អាល្លឺម៉ង់ បារាំង មហាអំណាចនៅទ្វីបអឺរ៉ុប។ ៣សហរដ្ឋអាមេរិក មហាអំណាចនៅទ្វីបអាមេរិក។
បើតាមលោកកត់សំគាល់ឃើញថា ប្រទេស និងប្រជាពលរដ្ឋទាំងនោះ នៅតែចាត់ទុកប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរគឺជាមិត្ត និងចង់បន្តជួយកម្ពុជា ដោយពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាតទៅទៀត ស្របតាមគុណតម្លៃស្នូលនៃប្រទេសនីមួយៗ៕ SK