មនុស្ស២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តធុនធំមួយគ្រឿងបើកបររេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវរួចបន្តទៅបុករថយន្តមួយគ្រឿង និងឃ្លាំងបណ្ដាលឱ្យរងការខូចខាតទាំង២គ្រឿង។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩ និង១៥ នាទីព្រឹកថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២២ ចំណុចមុខឃ្លាំងឈ្មោះ ឡៅ ទី តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិឌួង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពលរដ្ឋនៅកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុ ឃើញមានបុរសម្នាក់បើកបររថយន្ត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2482 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានរេចង្កូតមកឆ្វេងឡើងឆ្លងសួនច្បារមកបុកជាមួយរថយន្ត មួយគ្រឿងម៉ាក HYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2Y-0466 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅបញ្ច្រាសទិសគ្នា៕