កម្មករកម្មការិនីនៃក្រុមហ៊ុន ខេនស្តតស៊ូ ស្ថិតនៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ប្រមាណ ៤ពាន់នាក់បានបាតុកម្មនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដើម្បីទាមទារឱ្យថៅកែគោរព និងអនុវត្តតាមលក្ខខ័ណ្ឌការងារចំនួន ៣៥ចំណុច។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ពួកគេចូលរួមយ៉ាងមុតមាំធ្វើកូដកម្មដើម្បីទាមទារលក្ខខ័ណ្ឌការងារនៅក្នុងក្រុមហ៊ុនខេនស្តិតស៊ូ ក្នុងគោលដៅបង្កើតទំនាក់ទំនងវិជ្ជាជីវៈ និងដើម្បីលើកកម្ពស់លក្ខខ័ណ្ឌការងារឲ្យបានល្អប្រសើរនៅក្នុងក្រុមហ៊ុន។ ក្នុងនោះកម្មករកម្មការិនីបានសម្ដែងការខកចិត្ត និងមិនអាចទទួលយកបានជាដាច់ខាត់នូវទង្វើរបស់ក្រុមហ៊ុនដែលតែងតែបដិសេធ និងជំទាស់ សេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលគ្រប់សំណុំរឿងទាំងអស់ដែលបង្ហាញពីឆន្ទៈមិនគោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា និងគ្រប់ទង្វើទៀតសោតហាក់មិនគោរពសិទ្ធិមនុស្សផងដែរ ដូចជាមិនអនុញ្ញាតឱ្យមានការលក់ដូរនៅមុខរោងចក្របណ្តាលឱ្យកម្មករ កម្មការិនីខ្វះអាហារហូបចុក រួចបង្អួត បង្ខំឱ្យកម្មករថែមម៉ោងទៀត។
សេចក្ដីប្រកាសព័ត៌មានដដែលនោះបានឱ្យដឹងទៀតថា មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនមិនបើកលុយបាយថែមម៉ោងឱ្យទាន់ពេលវេលាឡើយ ដោយបានកេងប្រវ័ញ្ចកាត់លុយមុខងាររបស់កម្មករទៀត។ គ្រាដែលកម្មករកម្មការិនីបានយល់ថា ក្រុមហ៊ុនពិតជាត្រូវការចំណេញតែមិនគួរបណ្ដែតបណ្ដោយឱ្យសហការីផលិតកម្មធ្វើទុក្ខបុកម្នេញលើពួកគាត់ទាំងអស់គ្នាដូច្នេះឡើយ។
ក្រុមកម្មករកម្មការិនីនៃក្នុងក្រុមហ៊ុនខេនស្តីតស៊ូ បានបញ្ជាក់ដែរថា ការធ្វើកូដកម្មអហិង្សានេះ គឺគ្មានការបង្ខិតបង្ខំ ឬក៏ញុះញង់ពីសំណាក់ស្ថាប័ន ឬភាគីណាមួយឡើយ។ កូដកម្មអហិង្សាគឺជាឆន្ទៈពិតប្រាកដ និងជាការស្ម័គ្រចិត្តរបស់កម្មករទាំងអស់គ្នាដែលបានឯកភាពគ្នា ដើម្បីទាមទារឱ្យមានដំណោះស្រាយពីភាគីនិយោជក។
ទាក់ទងកូដកម្មខាងលើ 1Post មិនទាន់អាចសុំការបញ្ជាក់ពីភាគីនយោជក និងមន្ទីរការងារខេត្តកំពង់ឆ្នាំង បាននៅឡើយ៕ ប្រភព Central