លោកតា នួន ធួក អាយុ៦០ឆ្នាំ អតីតបម្រើការងារនៅអង្គភាពស៊ើបការណ៍ខេត្តកំពង់ស្ពឺ បច្ចុប្បន្នជាយោធិនពិការព្រោះត្រូវអំបែកគ្រាប់លើជើងដាច់ជើងម្ខាង និងបង្កជាជំងឺសន្លាក់ខ្វិនជើងម្ខាងទៀតដើរមិនកើតនិងក្រងែងម្រាមដៃ ជិះតែលើរទេះអស់រយៈពេល ១០ឆ្នាំមកហើយ គ្មានលិទ្ធភាពព្យាបាល រស់កំដរថ្ងៃចុងក្រោយបានដង្ហោយបំណងដូចរៀបរាប់នៅហ្វេសបុកឈ្មោះ Bo Keun ថា «ខ្ញុំបាទឃើញនៅខាងខេត្តកំពង់ធំលោកមេបញ្ជាការយកចិត្តទុកដាក់ធ្វើផ្ទះសម្បែងឱ្យអតីតរស់នៅបានស្រួល។ ខ្ញុំបាទជាអតីតមួយរូបដែរមានជំងឺប្រចាំកាយរយៈពេល 10 ឆ្នាំមកហើយខ្ញុំបាទសូមសំណូមពរឱ្យលោកថ្នាក់ដឹកនាំខាងលើបានជ្រាប ផ្ទះខ្ញុំរស់នៅពុកផុយអស់ហើយ ខ្ញុំបាទរស់នៅភូមិអូរក្រោម ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លេខទូរសព្ទខ្ញុំបាទ 081876689។ ខ្ញុំបាទសូមអរគុណទុកជាមុន សូមគោរពជូនពរថ្នាក់ដឹកនាំលោកមានសុខភាពល្អបរិបូណ៍ គួរពុំគួរសូមអធ្យាស្រ័យឱ្យខ្ញុំបានផងចុះ។»
កន្លងទៅយោធិនពិការរូបនេះទទូចចង់បានបណ្ណសមធម៌ដើម្បីព្យាបាលជំងឺ តែការស្នើសុំរាប់ឆ្នាំមកហើយមិនទទួលបាននោះទេ បានត្រឹមប្រាក់សោធននិវត្តន៍សម្រាប់ផ្គត់ផ្គង់ជីវភាព ថ្នាំសង្កូវ ខ្លះប៉ុណ្ណោះ ព្រោះកូនពីនាក់ក៏មានជីវភាពខ្វះខាត រីឯប្រពន្ធក៏ជរាទៀត៕