កំពង់ស្ពឺ៖ លោកស្រី ហួរ អាង អាយុ ៥៣ឆ្នាំ ក្នុងចំណោមគ្រួសារផ្សេងទៀតរស់នៅភូមិគោកព្នៅឃុំវល្ល៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានសម្ដែងការអស់សង្ឃឹមនិងខកចិត្តលើអាជ្ញាធរឃុំស្រុកនិងមន្ត្រីនៃមន្ទីររ៉ែនិងថាមពលខេត្តកំពង់ស្ពឺ ដែលមិនដោះស្រាយបញ្ហាបាក់ដីស្រែចូលរណ្ដៅដីល្មើសបច្ចេកទេសនៅក្បែរភូមិគាត់រស់នៅ។
លោកស្រីបានឱ្យដឹងថា ដីស្រែបន្តិចបន្តនេះជាក្ដីសសង្ឃឹមសម្រាប់ជីវភាព ដែលសព្វថ្ងៃលោកស្រីមានកូន៣នាក់និងមានម្នាក់ជាជនវិកលចរិតផងនោះ។
នាពេលកន្លងទៅលោកស្រីនិងក្រុមអ្នកភូមិបានស្នើទៅអាជ្ញាធរឃុំតែគេមិនសូវខ្វាយខ្វល់រកការដោះស្រាយទេទុករហូតម្ចាស់អាជីវកម្មរណ្ដៅដីនោះធ្វើចប់គម្រោងរើចេញទៅបាត់ហើយ ដែលបន្សល់នូវក្ដីបារម្ភនិងរកដំណោះស្រាយមិនបាន ខណៈដីស្រែកាន់តែបន្តបាក់ និងអសុវត្តិភាពទៅលើសត្វពាហនៈ និងក្មេងៗជាដើម។
ទាក់ទងករណីនេះលោក ស៉ឹម រតនៈ អភិបាលស្រុកសំរោងទងបានឱ្យដឹងថា លោកនឹងចាត់ឱ្យអភិបាលរងចុះពិនិត្យ។ តែក្រោយមកលោកថា សំណុំរឿងនេះស្ថិតនៅដៃមន្ទីររ៉ែ ដែលកន្លងទៅខកខានមិនបានដំណើរការដោះស្រាយដោយសារកូវិដ១៩។ ហើយបើគិតត្រឹមថ្ងៃទី១៧ ខែវិច្ចិកាឆ្នាំ២០២១ នេះក៏នៅតែគ្មានដំណោះស្រាយ។
ចំណែកលោក ប៉ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពលមិនទាន់មានការបញ្ជាក់នៅឡើយជុំវិញបញ្ហានេះ ដោយលោកមិនតបសារសំណួរតាមតេឡេក្រាម។ រីឯម្ចាស់អាជីវកម្មដែលរើចេញទៅបាត់ ក្រោយចប់គម្រោង យើងខ្ញុំមិនទាន់អាចទំនាក់ទំនងសួរនាំបាននៅឡើយ។ គ្រាដែលអ្នកភូមិបានរអ៊ូថា រណ្ដៅដីជ្រៅនៅកៀកភូមិប្រជាពលរដ្ឋរស់នៅ ពុំគួរអនុញ្ញាតឱ្យជីកយ៉ាងហោចណាស់ក៏ឱ្យឆ្ងាយយ៉ាងតិច៣០០ម៉ែត្រ និងត្រូវតាមដានពិនិត្យការគោរពបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវហ្មត់ចត់ពីមន្ត្រីជំនាញ កុំប្រឡេមប្រឡំនិងឈ្មួញ។
នៅក្នុងនោះបើតាមបទដ្ឋានបច្ចេកទេសច្បាប់បានកំណត់រណ្ដៅដីជីកត្រូវឱ្យឃ្លាតពីភូមិយ៉ាងតិច១០០ម៉ែត្រ ត្រូវធ្វើដោយទុកជើងទេឱ្យត្រឹមត្រូវទៅតាមស្ថានភាពជម្រៅ ត្រូវដកឃ្លាឆ្ងាយពីព្រំដីអ្នកដទៃយ៉ាងតិច៥ម៉ែត្រ និងត្រូវសង់របងព័ទ្ធជុំវិញដើម្បីការពារសុវត្ថិភាពមនុស្សនិងសត្វជាដើម ដែលម្ចាស់អាជីវកម្មនេះមិនបានអនុវត្តន៍៕ តាពេជ្រ