ទាំងព្រលឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ រថយន្តដឹកកម្មករចំនួន ២គ្រឿង បានបុកគ្នាបណ្តាលឱ្យកម្មការិនីស្លាប់១នាក់ និង៦នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។
ករណីនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤១ គីឡូម៉ែត្រ៣៨ ស្ថិតនៅក្នុងភូមិស្រែខ្ញែ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
អ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តទាំង២ បានបើកបរស្របទិសគ្នាពីត្បូងទៅជើងដោយរថយន្តបង្ក ពណ៌ស គ្មានស្លាកលេខ ដឹកកម្មករមកពីស្រុកជុំគីរី ខេត្តកំពត និងរថយន្តរងគ្រោះដឹកកម្មករមកពីខេត្តតាកែវ។
រថយន្តទាំងពីរគ្រឿងនេះ បើកបរក្នុងល្បឿនលឿនស្រាប់តែរថយន្តបង្កបានបុកពីក្រោយរថយន្តរងគ្រោះពេញទំហឹង បណ្តាលឱ្យកម្មករ កម្មការិនីដែលនៅលើរថយន្តទាំងអស់បានធ្លាក់រាយប៉ាយពេញផ្លូវ។
ក្រោយកើតហេតុកម្លាំងនគរបាលជំនាញចុះទៅវាស់វែង និងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ៕ CHH