ជំនួយអត់សំណង ៦២លានដុល្លាររបស់បងធំពិភពលោកដល់កម្ពុជា លើវិស័យសុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាន

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 27 មេសា 2022
ជំនួយអត់សំណង ៦២លានដុល្លាររបស់បងធំពិភពលោកដល់កម្ពុជា លើវិស័យសុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាន

សហរដ្ឋអាម៉េរិក ដែលគេតែងហៅបងធំពិភពលោកព្រោះតែសមត្ថភាពលើសគេស្ទើតែគ្រប់វិស័យ នឹងផ្តល់ជំនួយឥតសំណង ៦២លានដុល្លារ ដល់កម្ពុជាសម្រាប់អភិវឌ្ឍវិស័យ អប់រំ កសិកម្មសុខាភិបាល និងបរិស្ថាន។ 

រដ្ឋាភិបាលអាម៉េរិក តាមរយៈទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍ USAID បាន​ចុះហត្ថលេខា​ផ្តល់ជំនួយឥតសំណងសរុប៣៣៨លានដុល្លារដល់កម្ពុជានៅលើ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ ក្នុងរយៈពេល៥ឆ្នាំ ២០២១-២០២៥។ ឆ្នាំទីមួយនៃការអនុវត្តកិច្ចព្រមព្រៀងនេះ អាម៉េរិក នឹងផ្ដល់ថវិកា ៦២លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យសុខាភិបាល  អប់រំ កសិកម្ម និងបរិស្ថាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី២៥ មេសា ឆ្នាំ២០២២។

CDC បានបញ្ជាក់ថា ក្នុងចំណោមកញ្ចប់ជំនួយ៦២លានដុល្លារ ដែលកម្ពុជាទទួលបានពីអាម៉េរិកសម្រាប់អនុវត្តគម្រោងក្នុងឆ្នាំទីមួយនេះ គឺមាន៤១,៦លានដុល្លារ នឹងយកទៅអភិវឌ្ឍវិស័យសុខាភិបាលនិងអប់រំ និងថវិកា២០,៥លានដុល្លារទៀត សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម និងបរិស្ថាន។ ថវិកាទាំងនេះ នឹងប្រើប្រាស់ដោយភ្នាក់ងារអនុវត្តគម្រោងនានា នៅកម្ពុជា។

គួរម្លឹកថា គិតចាប់ពីឆ្នាំ១៩៩៣ដល់ ២០២១ រដ្ឋាភិបាលអាម៉េរិក បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ១,៧ពាន់លានដុល្លារ សម្រាប់គាំទ្រលើវិស័យសំខាន់ជាច្រើន ។ ក្រៅពីវិស័យខាងលើនេះ អាម៉េរិក ក៏គាំទ្រលើវិស័យអភិបាលកិច្ច, ការអភិវឌ្ឍបែបប្រជាធិបតេយ្យ​ រួមទាំងកម្មវិធីដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ផងដែរ៕