កាសែតរដ្ឋចិនបានចុះផ្សាយថា លោក Antony Blinken បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃទី១៩ ខែមិថុនា នៅទីក្រុងប៉េកាំង។ ជំនួបនេះត្រូវបានគេ មើលឃើញថា ជាឧបករណ៍វាស់ស្ទង់ពីភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីបរទេសអាមេរិកទៅកាន់ប្រទេសចិនក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយផងដែរ។
ជំនួបនោះប្រធានាធិបតី ស៊ី ជិនពីង បាន និយាយថា «ប្រទេសចិនបានបង្ហាញពី “ជំហរយ៉ាងច្បាស់លាស់” ដោយសង្កត់ធ្ងន់ថា ភាគីទាំងសងខាងសុទ្ធតែឯកភាពតាមការយល់ដឹងរួមរវាងប្រធានាធិបតី ចូ បៃដិន និងថ្នាក់ដឹកនាំកំពូលចិនអំឡុងកិច្ចប្រជុំដែលធ្វើឡើងនៅកោះបាលី»។
ជាមួយគ្នានេះ ប្រធានាធិបតីចិនបាននិយាយថា អន្តរកម្មរវាងរដ្ឋ និងរដ្ឋគួរតែផ្អែកលើការគោរពគ្នាទៅវិញទៅមក និងភាពស្មោះត្រង់ ហើយខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចមួយនេះរបស់លោក Blinken អាចរួមចំណែកជាវិជ្ជមានដល់ស្ថិរភាពទំនាក់ទំនងចិន-អាមេរិក។
ក្នុងជំនួបនោះលោក ស៊ី ក៏បានបញ្ជាក់ដែរថា ប្រទេសទាំង ២ “ក៏បានធ្វើឱ្យមានវឌ្ឍនភាព និងឈានដល់កិច្ចព្រមព្រៀងលើបញ្ហាជាក់លាក់មួយចំនួន” ប៉ុន្តែមិនបញ្ជាក់លំអិតពីកិច្ចព្រមព្រៀងទាំងនោះឡើយ។
លើសពីនេះ ជំនួបរវាងប្រធានាធិបតីចិន និងប្រមុខការទូតអាមេរិក ក៏រំពឹងថាអាចជាការបើកផ្លូវដល់ឥស្សរជនជាន់ខ្ពស់ជាច្រើនទៀតដូចជាលោកស្រី Janet Yellen រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo នឹងគ្រោងមកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងនាពេលខាងមុខផងដែរ៕