បន្ទាប់ពីលើកពេលម្ដងហើយ កម្ពុជាក្នុងនាមប្រធានអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ប្រធានអាស៊ាន ដោយប្រកាសថា អាស៊ាន និងសហរដ្ឋអាមេរិកនឹងបើកកិច្ចប្រជុំកំពូលពិសេស នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ នារដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
តាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាសូមធ្វើសេចក្ដីប្រកាសជូនជាព័ត៌មាន អាស៊ាន និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ៤៥ឆ្នាំមកហើយ។ នេះគឺជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១សម្រាប់ថ្នាក់ដឹកនាំយើងគិតចាប់តាំងពីឆ្នាំ២០១៧មក។
ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតី ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយនិងវិធីសាស្ត្រនានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដែលជាអាទិ៍រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ១៩ សន្តិសុខ សុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទំទាក់ទំនង រវាងប្រជាជននិងប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច ការផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងដាក់ចេញនូវទិសដៅ អនាគតនៃទំនាក់ទំនង រវាងអាស៊ាននិងសហរដ្ឋអាមេរិក ហើយនឹងលើកកម្ពស់ ភាពជាដៃគូយុទ្ឋសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាជនអាស៊ាន និងប្រជាជនសហរដ្ឋអាមេរិក។
កិច្ចប្រជុំកំពូលពិសេសនេះ ក៏នឹងបញ្ជាក់ឡើងវិញផងដែរ នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាមជ្ឈភាព និងឯកភាពអាស៊ាន តាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ាន ក៏ដូចជាដើម្បីបង្កើនជំនឿនិង ទំនុកចិត្តគ្នា ទៅវិញទៅមក ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់៕