ភ្នំពេញ៖ លោក អាន់តូនីញ៉ូ ហ្គូទែររែស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃសៅរ៍ ទី១២ វិច្ឆិកា ២០២២ បានជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសនយោបាយទាំងអស់ ព្រោះវាជាមធ្យោបាយតែមួយគត់ដើម្បីបិទបញ្ចប់ភាពចលាចលនៅក្នុងប្រទេសសព្វថ្ងៃ។
ក្រៅពីការលើកឡើងបែបនេះលោកក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ាដោះស្រាយជម្លោះដែលកំពុងកើតមាន «ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រៀបដូចជាសុបិន្តអាក្រក់មួយគ្មានទីបញ្ចប់ សម្រាប់ប្រជាជន និងជាការគំរាមកំហែងមួយដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល សូមស្ដាប់ប្រជាជនរបស់ខ្លួនឯង ដោះលែងអ្នកទោសនយោបាយ និងស្ដារប្រជាធិបតេយ្យឡើងវិញជាបន្ទាន់ ដ្បិតនេះជា មធ្យោបាយតែមួយគត់ដើម្បីស្ថិរភាព និងសន្តិភាព»។
លោកក៏បានបង្ហាញនូវក្ដីរំពឹងផងដែរ ឥណ្ឌូណេស៊ីដែលនឹងទទួលជាប្រធានអាស៊ាន នៅឆ្នាំ២០២៣ ឆ្នាំក្រោយ នឹងបន្តដោះស្រាយបញ្ហាដែលកំពុងកើតមាននៅមីយ៉ាន់ម៉ាតាមមធ្យោបាយវិជ្ជមាន៕