យន្តហោះពាណិជ្ជកម្មចំនួន ៧៩គ្រឿង ស្មើនឹងជិត ១០% នៃយន្តហោះសរុបទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីរងទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកខាងលិច ដើម្បីជាឆ្លើយតបទៅនឹងការឈ្លានពានររបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយប្រទេសជាច្រើននេះ តម្រូវឱ្យក្រុមហ៊ុនជួលយន្តហោះអន្តរជាតិដែលជាម្ចាស់យន្តហោះកំពុងដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីត្រូវបានដកហូតមកវិញភ្លាមៗកាលពីខែមីនា។
បើយោងទៅតាម Cirium ដែលជាក្រុមហ៊ុនវិភាគអាកាសចរណ៍ ដែលតាមដានព័ត៌មានអំពីយន្តហោះជុំវិញពិភពលោកបានឱ្យដឹងថា យន្តហោះដែលត្រូវបានដកហូតគឺសុទ្ធសឹងតែស្ថិតនៅខាងក្រៅប្រទេសរុស្ស៊ី ដោយសារក្រុមហ៊ុនជួលទាំងអស់នោះ បានយកហោះរបស់ពួកគេមកកាន់កាប់វិញ។
មិនតែប៉ុណ្ណោះ Cirium បាននិយាយទៀតថា នៅពេលដែលរុស្ស៊ីចាប់ផ្តើមបើកការឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភ: ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី កំពុងធ្វើប្រតិបត្តិការយន្តហោះពាណិជ្ជកម្មចំនួន ៨៦១គ្រឿង ទាំងយន្តហោះដឹកអ្នកដំណើរ និងយន្តហោះដឹកទំនិញ ប៉ុន្តែជាងពាក់កណ្តាលនៃយន្តហោះទាំងនោះសុទ្ធសឹងតែត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនជួលបរទេស។
គួររម្លឹកថា ឧស្សាហកម្មអាកាសចរណ៍រុស្ស៊ី បានពឹងផ្នែកខ្លាំងទៅលើយន្តហោះ ដែលផលិតនៅប្រទេសលោកខាងលិច ដូចជាក្រុមហ៊ុន Boeing និង Airbus ហើយយន្តហោះទាំងនោះភាគច្រើន ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជួលអាមេរិក និងអឺរ៉ុប៕ ប្រភព: CNN