ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា មេដឹកនាំរុស្ស៉ី បានបញ្ជូនក្រុមអ្នកជួយសង្រ្គោះទៅកាន់ប្រទេសអ៉ីរ៉ង់ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភានេះដើម្បីជួយស្វែងរកឧទ្ធម្ភាគចក្រមួយគ្រឿងដឹកលោក Ebrahim Raisi ប្រធានាធិបតីអ៉ីរ៉ង់ ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យម្សិលមិញ។
ការបញ្ជូនក្រុមអ្នកជួយសង្រ្គោះធ្វើឡើងតបតាមសំណើរបស់ភាគី អ៉ីរ៉ង់ ដើម្បីជួយដល់ប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរក។ ដោយរុស្ស៉ីមានអ្នកជំនាញ៤៧នាក់ រួមជាមួយបរិក្ខារចាំបាច់នានា និងឧទ្ធម្ភាគចក្រ BO-105 ដែលនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Tabriz នៃភាគពាយព្យប្រទេសអ៉ីរ៉ង់។
សូមរម្លឹកថា ឧទ្ធម្ភាគចក្រដែលធ្លាក់នោះបានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ប្រចាំខេត្ត East Azerbaijan។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA។
លោក រ៉ៃស៊ី និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពីធ្វើទស្សនកិច្ចនៅឯតំបន់ព្រំដែនអ៉ីរ៉ង់ ជាមួយអាស៊ែបៃហ្សង់កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធទំនប់ ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។ ដំបូងឡើយ ឧទ្ធម្ភាចក្ររបស់លោក រ៉ៃស៊ី ត្រូវបានរាយការណ៍ថាបានមានបញ្ហាត្រូវចុះចតជាបន្ទាន់ នៅ តំបន់ព្រៃ Dizmar ស្ថិនៅចន្លោះទីក្រុង Varzaqan និងទីក្រុង Jolfa ក្នុងខេត្ត East Azerbaijan ប្រទេសអ៉ីរ៉ង់ ស្ថិតនៅក្បែរព្រំដែនអាស៊ែបៃហ្សង់។ តែក្រោយមកទើបខាងប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានបញ្ជាក់ថាឧទ្ធម្ភាគចក្រនេះបានធ្លាក់ដោយសារតែអាកាសធាតុអាក្រក់ និងចុះអ័ព្ទខ្លាំងពេក៕