ក្រុមពលរដ្ឋមានទំនាស់ដីប្រមូលផ្ដុំគ្នា​ដាក់ញត្តិ​​នៅ​តាមស្ថានទូតមួយចំនួន ដើម្បីស្នើ​ឱ្យជួយ​អន្តរាគមន៍

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 6 មេសា 2022
ក្រុមពលរដ្ឋមានទំនាស់ដីប្រមូលផ្ដុំគ្នា​ដាក់ញត្តិ​​នៅ​តាមស្ថានទូតមួយចំនួន ដើម្បីស្នើ​ឱ្យជួយ​អន្តរាគមន៍

ពលរដ្ឋចំនួន ១០នាក់ ​តំណាងឱ្ពលរដ្ឋយ៨៤គ្រួសារ មកពីឃុំព្រែក​ស្លែង និងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ដែលមានបញ្ហាទំនាស់ដីជាមួយក្រុមហ៊ុនព្រលាន​យន្តហោះអន្តរជាតិថ្មី នៅខេត្ត​កណ្ដាល នៅព្រឹក​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានប្រមូលផ្ដុំគ្នា​ដាក់ញត្តិ​​នៅ​តាមស្ថានទូតមួយចំនួន ដើម្បីស្នើ​ដល់ស្ថានទូតជួយ​អន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាពន្លឿនការដោះស្រាយដែលអាចទទួលយកបាន។

ញាត្តិដែលពួកគាត់បានដាក់មានដូចជា ស្ថានទូតអាមេរិក អូស្ត្រាលី បារាំង ជប៉ុន និង​ចិន។ នៅក្នុងនោះកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន៣១ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍មួយ​ស្នើដល់​ស្ថាប័នពាក់ព័ន្ធ​ផ្ដល់សំណងឱ្យ​បាន​សមស្រប​តាម​តម្លៃ​ទីផ្សារ​​ជូន​ប្រជា​ពលរដ្ឋដែល​កំពុ​​ង​​រងផល​ប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី​នេះ និងចៀសវាងនូវកិច្ចព្រមព្រៀង​ដោយ​មានការបង្ខិត​បង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្សដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ជុំវិញផលប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះខាង​អាជ្ញាធរនៅតែរក្សា​ជំហរផ្ដល់​សំណង​ត្រឹមតែ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ​ និងការដោះដូរដី ប៉ុន្តែអ្នកភូមិមិនអាចទទួលយកបាន ដោយគិត​ថាសំណងនោះតិចតួចពេក មិនអាចយកទៅទិញដីនៅក្បែរតំបន់ពួកគាត់បានទេ។

សូមរម្លឹកថា កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយដោយ​ផ្ដល់​​ដី​រដ្ឋ​ទំហំប្រមាណ២ ៦០០ហិ​កតា ដែល​លាតសន្ធឹង​លើ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ស្រុក​បាទី ខេត្តតាកែវ ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា ​(CAIC) ​វិនិយោគ​រួមគ្នាជាមួយ​សាជីវកម្ម​​ក្រៅប្រទេស និង​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល៕ Cre- VOD

ក្រុមពលរដ្ឋមានទំនាស់ដីប្រមូលផ្ដុំគ្នា​ដាក់ញត្តិ​​នៅ​តាមស្ថានទូតមួយចំនួន ដើម្បីស្នើ​ឱ្យជួយ​អន្តរាគមន៍ ក្រុមពលរដ្ឋមានទំនាស់ដីប្រមូលផ្ដុំគ្នា​ដាក់ញត្តិ​​នៅ​តាមស្ថានទូតមួយចំនួន ដើម្បីស្នើ​ឱ្យជួយ​អន្តរាគមន៍ រូបភាពឯកសារ