ការលើកឡើងនេះបានធ្វើឡើងគ្រាដែលលោក ឯកអគ្គរដ្ឋទូត ទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
ឱកាសនោះ លោក ELDEEN HUSAINI HOHD HASHIM ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា ថា លោកនិងកៀគរអ្នកវិនិយោគពីប្រទេសម៉ាឡេស៊ី មកធ្វើការវិនិយោគលើ វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យអចលនទ្រព្យ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យអគ្គិសនីដើរដោយថាមពលព្រះអាទិត្យមកវិនិយោគនៅទឹកដីខេត្តកំពង់ស្ពឺនាពេលខាងមុខ។
ទន្ទឹមគ្នានេះលោកក៏បានអញ្ជើញអភិបាលខេត្តដឹកនាំគណៈប្រតិភូខេត្តកំពង់ស្ពឺ ទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដើម្បីធ្វើបទបង្ហាញពីសក្តានុពលដល់ធុរៈជនរបស់ម៉ាឡេស៊ីផងដែរ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក៏បានបង្ហាញការស្វាគមន៍ចំពោះបំណងរបស់ម៉ាឡេស៊ីដោយមានលោកមានក្ដីរំពឹងថា តាមរយៈដំណើរទស្សនកិច្ចសិក្សារបស់ភាគីទាំងពីរទៅវិញទៅមកអ្នកវិនិយោគរបស់ម៉ាឡេស៊ីនឹងមានចំណាប់អារម្មណ៍ហើយមកបណ្ដាក់ទុននៅក្នុងខេត្តកំពង់ស្ពឺពេលនោះប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ មានប្រាក់ចំណូលបន្ថែមទៀត តាមរយៈឱកាសការងារដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមកបណ្ដាក់ទុននេះ។
គួរបញ្ជាក់ គិតត្រឹមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី បានឈានដល់៥០១ លានដុល្លារអាមេរិក កើនឡើងចំនួន ១៣ % បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះដែរ ម៉ាទ្បេស៊ីឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ដោយក្នុងឆ្នាំ២០២១ ម៉ាទ្បេស៊ី បាននាំចូលអង្ករកម្ពុជាសរុបចំនួន ៤៦ ១៨១ តោន កើនទ្បើងចំនួន៨% បើធៀបនឹងឆ្នាំ២០២០។
ជាមួយគ្នានេះភាគីទាំងពីរក៏បានប្ដេចជ្ញាចិត្តបន្តរក្សាទីផ្សារបើកចំហរ និងសម្រួលការវិនិយោគសំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត៕