បន្ទាប់ពីបែកធ្លាយភាពមិនប្រកតីចេញការរិយាល័យភូមិបាលក្រុងច្បារមន ឥលូវស្រាប់តែធ្លាយរឿងប្រធានមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ បានប្ដូរឆ្នាំកំណើត នាំឱ្យគេសង្ស័យថា ហាក់ដូចជាពន្យាកំណើតបន្តដំណែងបានបីឆ្នាំទៀត ព្រោះដើមឡើយនៅក្នុងឯកសារការងាររដាក់កើតឆ្នាំ១៩៦៤តែមួយរយៈចុងក្រោយនេះបែរជាមកឆ្នាំ១៩៦៧ និងមានសាច់ញាតិប្រាំនាក់កំពុងកាន់តួរនាទីផ្សេងៗ ដែលត្រូវបានលើកតម្កើងឱ្យធ្វើកិច្ចការនៅក្នុងមន្ទីរ។
ប្រភពដំណឹងបានឱ្យ 1Post ដឹងថា លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ ត្រូវបានប្ដូរឆ្នាំកំណើតពីកើតថ្ងៃទី០៥ ខែ០៧ ឆ្នាំ១៩៦៤ មកថ្ងៃទី០៥ ខែ០៧ ឆ្នាំ១៩៦៧ ពោលគឺបើយកតាមប្រវត្តិរូបចាស់លោកគ្រប់អាយុ ៦០ឆ្នាំជាងមួយខែមកហើយតែមិនទាន់ចូលនិវត្តន៍ ដែលនាំឱ្យគេកើតឆ្ងល់ថា ការប្ដូរនេះក្រោមហេតុផលអ្វីឱ្យប្រាកដតាមសច្ចៈពិតឬយ៉ាងណា? ឬចង់កាន់ដំណែងជាប្រធាននេះជាសំណួរសូមអ្នកដែលពាក់ព័ន្ធជួយបញ្ជាក់ផង។ ទាក់ទងការលើសអាយុរបស់មន្ត្រីរាជការនេះដែរខ្លីបវីដេអូមួយរបស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីត្រូវបានគេចាប់អារម្មណ៍គាំទ្រនិងស៊ែចែករំលែកលើបណ្ដាញសង្គមជាច្រើន (សម្លេង)។
ចំពោះការលើកឡើងខាងលើលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តកំពង់ស្ពឺ មិនទាន់មានការបញ្ជាក់ទេ បន្ទាប់ពីឃើញសញ្ញាគ្រីសទទួលសារសំណួរពីក្រុមការងារ 1Post តាមបណ្ដាញតេឡេក្រាមតាំងពីថ្ងៃ០៥ កញ្ញា រហូតមកដល់វេលាចេញផ្សាយនេះ។
ចំណែកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មិនទាន់សុំការបញ្ជាក់បាននៅឡើយ បន្ទាប់ពីក្រុមការងារ 1Post ផ្ញើសារសំណួរទៅកាន់បណ្ដាញ WhatsApp របស់លោកហើយ ឃើញសញ្ញាគ្រីសពីរពណ៌ទឹកប៉ិចខៀវ។
គួររម្លឹកថា នាពេលកន្លងទៅបណ្ដាសារព័ត៌មានមួយចំនួនដូចរូបភាព Copy Sreen កំពុងបង្ហាញក្នុងវីដេអូខាងក្រោមបានចុះផ្សាយពីលោក ម៉ាឡៃ ធ្វើការគ្រួសារនិយម ពុករលួយ បង្កើតបក្ខពួក មានសាច់ញាតិមិនតិចជាងប្រាំនាក់នៅក្នុងមន្ទីរកំពុងកាន់តួរនាទីផ្សេងៗ ដែលត្រូវបានលើកតម្កើងឱ្យធ្វើកិច្ចការ។
ដោយឡែកការប្តូរឆ្នាំកំណើតនេះដែរបានធ្វើឱ្យមន្ត្រីរាជការជុំវិញខេត្ត ពលរដ្ឋមួយចំនួនមានការភ្ញាក់ផ្អើលនិងជាប្រធានបទជជែកគ្នានៅតាមហាងកាហ្វេគុយយទាវ និងរាល់ការជួបជុំតុមូលជាដើម ព្រោះមិនទាន់ដឹងហេតុផលពិត គ្រាដែលប្រធានមន្ទីរមួយចំនួនចូលនិវត្តន៍ជាហូរហែតាមច្បាប់កំណត់។
នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងសុំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ (ព័ត៌មានបឋម) វីដេអូខាងក្រោម៖