ការបំពានយកដីចំណីអាងស្តុកទឹកចាន់ថ្នាល និងអូរដែលជាប្រព័ន្ធបង្ហូរទឹកចេញពីអាង ត្រូវបានគេចាក់ដីបំពេញយក និងខ្លះសង់សំណង់រឹងបានសម្រេចជាបន្តបន្ទាប់ ស្ថិតនៅភូមិក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នសំណង់មិនតិចជាង៤កន្លែងហើយដែលបានសង់រួចរាល់ ហើយកាលពីពេលថ្មីៗនេះគេបានចាក់ដីបំពេញបន្ថែម២កន្លែងទៀតនៅជាប់ខ្នងទំនប់លាតសន្ធឹងមកលើផ្ទៃអូរដែលនៅជាប់គ្នាពោលចំនុចនោះបន្ទាប់ទំនប់គឺផ្ទៃអូររបស់រដ្ឋ។
ទាក់ទងបញ្ហានេះលោក ញាញ់ ជៀបហង ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ស្ពឺ បានឱ្យ 1Post ដឹងថា ដីដែលទើបនឹងចាក់នោះគឺប្រជាពលរដ្ឋសុំលោកអភិបាលស្រុកចាក់ដីធ្វើផ្លូវ។ ដែលការលើកឡើងនេះផ្ទុយស្រឡះពីការពិត គឺគេចាក់ដីនោះឱ្យរាបស្មើនឹងខ្នងទំនប់រាងជាចតុកោណកែងទំហំរាប់រយម៉ែត្រ ហើយសឹងតែលប់លើផ្លូវចាស់ដែលអ្នកភូមិប្រើប្រាស់ចូលទៅស្រែផងទៀត។
ចំណែកលោក មួង ធី អភិបាលស្រុកសាមគ្គីមុន្នីជ័យ មិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីឃើញសញ្ញាគ្រីសទទួលសារសំណួរពីក្រុមការងារយើងតាមបណ្ដាញតេឡេក្រាមរបស់លោកជាច្រើនថ្ងៃមកហើយ។
សូមបញ្ជាក់ថា អាងស្តុកទឹកចាន់ថ្នាលមានប្រវែងព័ទ្ធជុំវិញជាង៥គីឡូម៉ែត្រ ទំហំជាង ២១១ ហិកតាដែលជាកន្លែងស្តុកនិងចែកចាយទឹកដ៏ធំមួយមកតាមបណ្ដាញប្រឡាយជាច្រើនខ្សែសម្រាប់ធ្វើការងារកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ៕