ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ជាមុខសញ្ញាឆក់កាបូបពីស្ត្រីម្នាក់បណ្តាលឱ្យដួលបោកក្បាលស្លាប់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនបានហេីយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
ជនសង្ស័យឈ្មោះ ប៉ា សុណ្ណរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរទាត់ខ្យល់ ស្នាក់នៅភូមិព្រៃជីសាក់សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វេីសកម្មភាពឆក់យកកាបូបស្ត្រីរងគ្រោះប្រាកដមែន។
ចំណែកជនរងគ្រោះឈ្មោះ អ៊ុក កនិកា ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ សម្ភារដែលបាត់បង់មានប្រាក់ដុល្លារអាមេរិក៥០០ដុល្លារប្រាក់ខ្មែរ១លានរៀល និងទូរស័ព្ទម៉ាក Oppo មួយគ្រឿង។
បច្ចុប្បន្នជនដៃស្អិតនេះ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕