អាជ្ញាធរខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យកន្លែងត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកកើតជំងឺ កូវិដ១៩ ដែលមានទីតាំងនេះស្ថិតនៅក្នុងភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ទីតាំងនោះជាសំណង់របស់អ្នកបច្ចេកទេសសាងសង់ទំនប់តាសាលជនជាតិឥណ្ឌា មានផ្ទៃដី ១០ហិកតា មានអាគារសរុប ២៤អាគារ ដែលមានសមត្ថភាព អាចផ្ទុកអ្នកជំងឺបានប្រហាក់ប្រហែល ១០០នាក់។
លោកបានរំពឹងថា ពុកម៉ែបងប្អូនមាមីងកូនក្មួយនឹងមិនចង់ទៅនៅក្នុងអាគារដែលរដ្ឋបាលខេត្តបានរៀបចំខាងលើនេះទេ។ សូមជូនពរពុកម៉ែមាមីងបងប្អូនកូនក្មួយទាំងអស់ចូលរួមអនុវត្តន៍វិធានការពាររបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវិដ១៩ទាំងអស់គ្នា៕