ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២១ ព្រៃឈើប្រមាណ ៦,២៧១ ហិកតា ត្រូវបានកាប់បំផ្លាញ នៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ គឺ ដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរការ។ នេះបើតាម អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅថ្ងៃសុក្រ ទី២៨ ខែមករាម្សិលមិញ បានចេញរបាយការណ៍ថ្មីមួយក្រោម ចំណងជើងថា «ការកាប់ឈើខុសច្បាប់ធ្វើឱ្យអន្តរាយដល់សិទ្ធិនិងវប្បធម៌របស់ជនជាតិដើមភាគតិច»។
អង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងថា ដោយពឹងផ្អែកលើទិន្នន័យបានមកពីបទសម្ភាសន៍ជាមួយសកម្មជនការពារព្រៃក្នុងសហគមន៍ក្នុងតំបន់ចំនួន ២០រូប បានគូសបញ្ជាក់ថាសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងច្រើនសម្បើមនេះមិនត្រឹមតែបានបំផ្លាញដល់ជីវចម្រុះ និងអាកាសធាតុនោះទេ តែវាកំពុងបំផ្លាញវប្បធម៌ និងសិទ្ធិរបស់ជនជាតិដើមភាគតិចកួយផងដែរ។
នៅក្នុងរបាយការណ៍ដដែលនេះក៏បានចោទប្រកាន់ចំៗទៅលើអាជ្ញាធរពាក់ព័ន្ធ និងជាពិសេសរបស់មន្ត្រីក្រសួងបរិស្ថានថា មិនបានអើពើនឹងការរាយការណ៍បទល្មើសពីប្រជាពលរដ្ឋ និងថាពេលខ្លះមន្ត្រីក្រសួងបរិស្ថានទាំងនោះ បានចុះទៅស៊ើបអង្កេត ប៉ុន្តែគ្រាន់តែ ស៊ើបអង្កេតដើម្បីទទួលលុយក្រោមតុពី ជនល្មើសតែប៉ុណ្ណោះ។
ឆ្លើយតបនឹងបញ្ហារបាយការណ៍នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានហៅរបាយការណ៍ថ្មីនេះថា ជារបាយការណ៍ចោទប្រកាន់គ្មានមូលដ្ឋាន និងបែបភូតកុហកដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា។
ក្រសួងស្វាគមន៍និងបើកការស៊ើបអង្កេតបន្ថែមទៀត ប្រសិនបើមានភស្តុតាងច្បាស់លាស់ពីអង្គការ Amnestyនោះ។ ប៉ុន្តែបើត្រឹមលើកឡើងបែបអនាមិក នោះបង្ហាញថា អង្គការ Amnesty គ្រាន់តែជាអង្គការប្រឌិតរបាយការណ៍ឡើងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងសងសឹកជំនួសឱ្យបក្ខពួកខ្លួនដែលកំពុងតែបំពានច្បាប់ និងធ្វើសកម្មភាពវិទ្ធង្សនាប្រឆាំងកម្ពុជាជ្រកក្រោមស្លាកអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិតែប៉ុណ្ណោះ។
សូមរំលឹកថា បើតាមរបាយការណ៍របស់ក្រសួងបរិស្ថានស្តីពី«ស្ថានភាពបរិស្ថានលើកទី ៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ ២០១៨» ចេញ ផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅក្នុងឆ្នាំ ១៩៦៥ ព្រៃឈើលាត សន្ធឹងលើផ្ទៃដី ៧៣% នៃផ្ទៃប្រទេស ប៉ុន្តែត្រឹមឆ្នាំ ២០១៨ព្រៃឈើបានរួមមក នៅតិចជាង៤៧%។ ហើយចាប់ពីឆ្នាំ ២០១៤ មកការបាត់បង់គម្របព្រៃឈើពុំសូវមានភាពធ្ងន់ធ្ងរ ប៉ុន្តែនៅកើតមានក្នុង កម្រិតមួយថេរ។
ក្នុងនោះកំណើនប្រជាជន និងតម្រូវការប្រើប្រាស់ដីដើម្បីធ្វើកសិកម្ម និងការសាងសង់ផ្ទះសម្បែងបានកាត់បន្ថយគម្របព្រៃឈើនៅកម្ពុជា ដែលគិតចាប់តាំងពីឆ្នាំ២០១៨ មកផ្ទៃដីព្រៃឈើនៅកម្ពុជានៅមានប្រមាណតែជាង ៨,៥លានហិកតា ស្មើនឹង ៤៦,៨៦% ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស។ គម្របព្រៃឈើដែលនៅសេសសល់ រួម បញ្ចូលទាំងផ្ទៃដីចម្ការកៅស៊ូ ចម្ការដូង ប្រេងនិងដំណាំហូបផ្លែដទៃទៀត៕