ប៉ៃលិន៖ លោក ថេត សម្បត្តិ អាយុ ៥០ឆ្នាំ បច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក រងការចោទថាបានប្រើកូនចៅឱ្យយកត្រាក់ទ័រទៅភ្ជួរបំផ្លាញដំណាំស្វាយកែវរមៀតរបស់គេ អស់ជាង៣០០ដើមហើយ ថែមទាំងដាក់ពាក្យប្តឹងទៅតុលាការទៅកសិករម្នាក់ទាំងអយុត្តិធម៌ ខណ:ដែលកសិកររូបនោះបានទិញពីម្ចាស់ដើម មានទាំងប្លង់រឹងកាន់កាប់នៅនឹងដៃបច្ចុប្បន្ន។
កសិករលោក គីម បូរិន អាយុ ៥៤ឆ្នាំ រស់នៅភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានលើកឡើងថា លោកមិនអស់ចិត្តនឹងតុលាការខេត្តប៉ៃលិនដែលចេញដីកាកោះហៅឱ្យចូលលោកទៅបំភ្លឺជិត១០ដង និងចេញដីការសម្រេចឱ្យបង់ប្រាក់ចំនួន២៧លានរៀល។
លោកបន្តថា កាលពីឆ្នាំ២០១៤ លោកបានទិញដីចំការមួយកន្លែងពីម្ចាស់ដើមមានទំហំ ៥ហិកតាហើយបានប្រគល់ប្រាក់ជូនម្ចាស់ដីរួចរាល់ ដោយមានសាក្សីជាមេភូមិ ចៅសង្កាត់ ទទួលស្គាល់ដឹងឮ និងបានដាំពោត ដំឡូង រហូតដល់ឆ្នាំ២០១៧ ខាងសុរិយោដីខេត្ត បានចុះធ្វើប្លង់ជាប្រព័ន្ធគ្រានោះលោកក៏បានដាំដើមស្វាយកែវរមៀតចំនួន ១២៥០ដើមបន្ថែម។ ស្រាប់តែនៅឆ្នាំ២០១៩ បុរសជាអាណិកជនខាងលើ បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តប៉ៃលិន ពីបទបំផ្លិចបំផ្លាញទុយោ និងដើមតាង៉ែន ដែលកូនចៅរបស់អាណិកជនថតនៅចំការអ្នកដទៃផ្ញើឱ្យគាត់មើល ខណ:នៅក្នុងចំការរបស់បុរសលោកដែលបានភ្ជួរនោះ អត់មានដើមតាង៉ែនដូចរូបថតនោះទេ។
ហើយតុលាការក៏កោះហៅទៅបំភ្លឺជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២០ ខណ:ដើមស្វាយកែវរមៀតរបស់លោកបានអាយុជាង៤ទៅ៥ឆ្នាំ ស្រាប់តែបុរសអាណិកជនបញ្ជាកូនចៅឱ្យយកតាក់ទ័រទៅលួចភ្ជួរបំផ្លិចបំផ្លាញដំណាំស្វាយក្នុងដីរបស់លោកនៅជាប់ព្រំដីរបស់អាណិកជននោះអស់ជាង៣០០ដើម ហើយលោកក៏បានចុះទៅថតសកម្មភាពនេះ ថែមទាំងប្តឹងអាជ្ញាធរភូមិ សង្កាត់ និងខាងនគរបាលប៉ុស្តិ៍ឱ្យចុះពិនិត្យ និងកត់ត្រាទុកផងដែរ។ តែលោកមិនបានប្តឹងផ្តល់អ្វីនោះទេ ព្រោះយល់ថា ជាអ្នកជិតខាងនឹងគ្នា ស្រាប់តែក្រោយមកបែជា លោក ថេត សម្បត្តិ ជាអាណិកជននោះបានប្ដឹងលោកទៅតុលាការជាបន្តបន្ទាប់។ ទើបក្រោយមកដោយឃើញភាពមិនប្រក្រតីបែបនេះទើបលោកកើតទុក្ខមិនសុខចិត្តក៏ដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីឱ្យជួយរកយុត្តិធម៌។
លោកបញ្ជាក់ថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន ឈ្មោះ គឹម ម៉េង បានចេញដីកាកោះហៅឱ្យលោកចូលខ្លួនបំភ្លឺបន្តទៀតហើយ ដោយរវល់នឹងបញ្ហាមួយនេះ គ្មានពេលធ្វើការរកស៊ីអ្វីនោះទេ។
ចំណែកលោក ថេត សម្បត្តិ ជាអាណិកជនរស់នៅសហរដ្ឋអាមេរិក បានឱ្យអ្នកសារព័ត៌មានដឹងតាមតេលេក្រាមថា បុរសជាកសិករខាងលើមិនបាច់ប្រឹងតតាំងជាមួយខ្លួននោះឡើយ បើចង់ឱ្យរឿងរ៉ាវខាងលើឆាប់ចប់ មានតែប្រគល់ដីទំនាស់ទាំងនោះឱ្យទៅលោកតាមសម្រួលប៉ុណ្ណោះព្រោះខាងលោកនឹងបន្តប្តឹងបន្ថែមទៀត ហើយធ្វើអ្វីក៏មិនឈ្នះលោកដែរ៕ VC