ឈ្មួញបូមខ្សាច់កាយដីលក់ពីស្ទឹងព្រែកត្នោត ពុំទាន់មានច្បាប់ និងដឹកជញ្ជូនល្មើស នៅកំពង់ស្ពឺ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 10 មេសា 2025
ឈ្មួញបូមខ្សាច់កាយដីលក់ពីស្ទឹងព្រែកត្នោត ពុំទាន់មានច្បាប់ និងដឹកជញ្ជូនល្មើស នៅកំពង់ស្ពឺ

កំឡុងរយៈពេលចុងក្រោយនេះនៅខេត្តកំពង់ស្ពឺ មានសេចក្ដីរាយការមកថា ភាពអនាធិបតេយ្យលើសពីគ្រាមុនលើសកម្មភាពកាយខ្សាច់កាយដី និងបូមខ្សាច់នៅក្នុងស្ទឹងព្រែកត្នោតធ្វើទៅបានទាំងពុំទាន់មានច្បាប់ឱ្យបានត្រឹមត្រូវ និងដឹកជញ្ជូនល្មើសបច្ចេកទេស ដឹកលើសទ្រុងមិនគ្រប ធ្លាក់ដីនិងខ្សាច់លើផ្លូវ បង្កការរំខានដល់ការធ្វើដំណើរ រំខានដល់សុខភាព រំខានដល់ជីវភាព និងខូចផ្លូវនៅតាមបណ្ដាភូមិមួយចំនួនក្នុងឃុំត្រពាំងគង ដែលហាក់ដូចជាផ្ទុយពីច្បាប់ធនធានរ៉ែ និងសារាចរណែនាំពីការដឹកជញ្ជូន។

ឈ្មួញបូមខ្សាច់កាយដីលក់ពីស្ទឹងព្រែកត្នោត ពុំទាន់មានច្បាប់ និងដឹកជញ្ជូនល្មើស នៅកំពង់ស្ពឺ

ប្រភពដំណឹងបានឱ្យដឹងថា ក្រុមហ៊ុនរបស់ឧកញ៉ា ស្រ៊ុយ ម៉ៅ ប្រធានសម្ពន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាខេត្តត្បូងឃ្មុំ ជាអ្នកទទួលបានសិទ្ធិត្រឹមមន្ទីរជំនាញ និងរដ្ឋបាលខេត្ត ក្រោមហេតុផលស្ដារ និងកែលម្អច្រាំង ក៏ហ៊ានធ្វើអាជីវកម្មមុនទាំងពុំមានច្បាប់គ្រប់គ្រាន់ក្នុងដៃទៅហើយ នាំឱ្យពលរដ្ឋកើតឆ្ងល់ថា តើមានការបើកចំហរជាសាធារណៈដាក់ឱ្យដេញថ្លៃលើគម្រោងនេះដែរឬទេ? បានជាស្ងាត់ៗលេចមុខអ្នកត្បូងឃ្មុំទទួលបានកិច្ចការនេះ។ សូមអ្នកពាក់ព័ន្ធជួយបញ្ជាក់ផង។

ឈ្មួញបូមខ្សាច់កាយដីលក់ពីស្ទឹងព្រែកត្នោត ពុំទាន់មានច្បាប់ និងដឹកជញ្ជូនល្មើស នៅកំពង់ស្ពឺ

ទាក់ទងសកម្មភាពនេះលោក ញ៉ាញ់ ជាបហង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ពុំទាន់មានការបញ្ជាក់ទេបន្ទាប់ពីទទួលសារសំណួរពីក្រុមការងារ 1Post តែកន្លងទៅលោកធ្លាប់ប្រតិកម្មរួចមកហើយនឹងការចុះផ្សាយពាក់ព័ន្ធជាមួយកិច្ចការក្នុងដែនសមត្ថកិច្ចរបស់លោក។ សម្លេង

លោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ ខេត្តកំពង់ស្ពឺ ឥតមានការបញ្ជាក់ទេ បន្ទាប់ពីទទួលសារសំណួរនិងរូបភាពហើយ បានត្រឹមសួររកទីតាំង។ រីឯប្រធានការិយាល័យរ៉ែ លោក បិន ថេត បានឱ្យដឹងថា សកម្មភាពនោះធ្វើឡើងក្រោមកម្រោងស្ដារស្ទឹង និងកែលម្អច្រាំងរបស់ខេត្ត តែម្ចាស់អាជីវកម្មពុំទាន់មានច្បាប់ពេញលេញទេ។

ឧកញ៉ា ស្រ៊ុយ ម៉ៅ ជាប្រធានសម្ពន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាខេត្តត្បូងឃ្មុំ ក្រុមការងារយើងមិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បានទេ។ ហីបើតាមប្រភព 1Post ទទួលបានគឺក្រុមហ៊ុនរបស់ឧកញ៉ា ស្រ៊ុយ ម៉ៅ បន្ទាប់ពីបានភ្លើងខៀវត្រឹមថ្នាក់ខេត្ត ក៏ចាត់ចែងទីតាំងដែលសម្បូរខ្សាច់ និងដីច្រើនទៅឱ្យប្អូន និងបណ្ដាដៃគូសហការរបស់ខ្លួនធ្វើការបូម និងកាយលក់ទៅឱ្យឈ្មួញទាំងពុំទាន់មានច្បាប់ត្រឹមត្រូវ និងដឹកជញ្ជូនល្មើសបច្ចេកទេស។

ឈ្មួញបូមខ្សាច់កាយដីលក់ពីស្ទឹងព្រែកត្នោត ពុំទាន់មានច្បាប់ និងដឹកជញ្ជូនល្មើស នៅកំពង់ស្ពឺ

សូមរំលឹកថា អន្តរក្រសួងនាពេលកន្លងទៅបានចេញសារាចរណ៍ណែនាំកំណត់ថា ការដឹកជញ្ជូនធនធានរ៉ែ ដី ខ្សាច់ ថ្ម គ្រប់ប្រភេទត្រូវតែស្ងួតមិនលើសទ្រុង គ្របឱ្យបានត្រឹមត្រូវ មិនត្រូវធ្វើឱ្យដី ថ្ម ខ្សាច់ ធ្លាក់លើផ្លូវហ៊ុយ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន សណ្ដាប់ធ្នាប់ សូម្បីតែដឹកចេញពីការដ្ឋានក៏ត្រូវលាងកង់រថយន្តឱ្យស្អាតផងទៀត។ ដោយឡែកឈ្មួញអ្នករកស៊ី និងអស់លោកមួយចំនួនគប់គិតគ្នាជឿជាក់លើផ្លូវក្នុងឥតកោតក្រែងនោះទេ ឱ្យតែបានសែនព្រេនជាប់មាត់ជាប់កជាមួយអារុក្ខអារក្ខអ្នកតាធំជាម្ចាស់ទឹកម្ចាស់ដីតាមទំនៀមទម្លាប់រួចមក ពួកគេហ៊ានចេញរកស៊ីហើយ៕ វីដេអូ https://www.facebook.com/share/v/1BeEFK7YYj/?mibextid=wwXIfr

ឈ្មួញបូមខ្សាច់កាយដីលក់ពីស្ទឹងព្រែកត្នោត ពុំទាន់មានច្បាប់ និងដឹកជញ្ជូនល្មើស នៅកំពង់ស្ពឺ