
ដោយអនុវត្តតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ប្រាក់ជាង១១លានរៀលរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តតាកែវ ហើយរងគ្រោះខូចខាតដោយអគ្គីភ័យភ្លើងឆេះផ្ទះ ត្រូវបានធនាគារជាតិនៃកម្ពុជា ដូរក្រដាសប្រាក់រៀលថ្មីឱ្យពលរដ្ឋវិញ ដោយមិនគិតកម្រៃសេវាអ្វីទាំងអស់។

បើយោងតាមចុះផ្សាយដោយធនាគារជាតិបានឱ្យដឹងថា "សូមចូលរួមសោកស្តាយជាមួយក្រុមគ្រួសារដែលរងគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះ។ធនាគារជាតិនៃកម្ពុជាខេត្តតាកែវបានចូលរួមបន្ថយទុក្ខលំបាករបស់គ្រួសាររងគ្រោះ តាមរយៈការប្តូរក្រដាសប្រាក់ដែលបានឆេះខូចខាត ជូនក្រដាសប្រាក់រៀលថ្មីវិញដែលមានតម្លៃស្មើដោយមិនគិតកម្រៃសេវាអ្វីទាំងអស់"។

សូមរម្លឹកថា ធនាគារជាតិនៃកម្ពុជាធ្លាប់បានចេញនូវសេចក្តីជូនដំណឹងដោយបានប្រកាស ក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចយកមកប្តូរថ្មីដោយមិនគិតកម្រៃសេវា នៅគ្រប់បញ្ជរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត លើកលែងតែស្នាក់ការកណ្តាលនៅរៀងរាល់ម៉ោងធ្វើការ៕
