ប្រធានបទ៖ “ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ” ត្រូវបានលើកយកមកពិភាក្សាគ្នាក្នុងព្រឹត្តិការណ៍ វេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី១០ កាលពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ២០២១ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកពីផលប៉ះពាល់អវិជ្ជមាន ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ និងតួនាទីយ៉ាងសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរបស់អ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
កិច្ចប្រជុំពេញអង្គនោះ និពន្ធនាយកសារព័ត៌មានទាំងអស់ក៏បានចែករំលែកនូវបទពិសោធន៍ និងស្ថានភាពជាក់ស្ដែងនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមប្រទេសរៀងៗខ្លួន ជាពិសេសផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ លើគ្រប់វិស័យដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជីវិតឯកជនផងដែរ។
សូមរំលឹកថា វេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី១០ គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍អមដទៃទៀត នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១៕