អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយក ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស និងជាម្ចាស់រីសតជាច្រើនកន្លែងនៅលើភ្នំគីរីរម្យ បានលើកឡើងថា ការអភិវឌ្ឍដែលគិតដល់ប្រយោជន៍រួមតែងតែនាំមកនូវការរីកចម្រើនដល់សហគម។ ទន្ទឹមនឹងនោះ អ្នកឧកញ៉ាសង្ឃឹមថា វិនិយោគទុនក្នុងនិងក្រៅប្រទេសនឹងចូលរួមអភិវឌ្ឍន៍ឧទ្យានជាតិគិរីរម្យកម្ពុជាជាមួយគ្នាព្រោះអ្នកឧកញ៉ា យល់ថា អ្នកឧកញ៉ានិងដៃគូប្រកួតប្រជែងមិនមែនជាសត្រូវនឹងគ្នានោះទេ ប៉ុន្ដែជាអ្នកដែលចូលរួមការអភិវឌ្ឍប្រកបដោយនិរន្ដរភាព។
អ្នកឧកញ៉ា មានក្ដីរំពឹងថា នឹងមានភ្ញៀវទេសចរប្រហែល ១លាននាក់មកកម្សាន្ដនៅឧទ្យានជាតិគិរីរម្យ ក្នុងឆ្នាំ២០២៤នេះ។ ការដាក់ក្ដីរំពឹងដូចនេះបន្ទាប់ពីមានភ្ញៀវទេសចរកាន់តែច្រើនឡើងៗបាននាំគ្នាទៅលេងកម្សាន្ដនៅឧទ្យានជាតិគិរីរម្យនាថ្ងៃឈប់សម្រាកនៃទិវាកុមារអន្ដរជាតិ១មិថុនា កន្លងមកនេះ។
អ្នកឧកញ៉ាបានលើកឡើងថា «លើសពីការរំពឹងទុក ដោយសង្ឃឹមថានឹងមានទេសចរមកកម្សាន្តឧទ្យានជាតិ គិរីរម្យកម្ពុជា ប្រហែល១លាននាក់ក្នុងឆ្នាំ២០២៤ ក្រោយការអភិវឌ្ឍរមនីយដ្ឋាន ឧទ្យានបោះតង់ រំដួលរីស៊ត រំហើយរីស៊ត និងការតំណរការធ្វើដំណើរ ការភ្ជាប់ប្រព័ន្ធផ្លូវ ភ្លើង និងសុវត្តិភាពជូនទេសចរជាតិ អន្តរជាតិ»។
គួររម្លឹកថា ឧទ្យានជាតិគិរីរម្យ ឬឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ សម្បូរដើមស្រល់ធម្មជាតិ ដើមឈើជាច្រើនប្រភេទ និងមានទឹកធ្លាក់ ស្ថិតនៅចម្ងាយ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើ ប្រមាណ ៨ម៉ឺនហិចតា និងជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់នៅកម្ពុជា៕