របាយការណ៍ទទួលបានពីវិទ្យាស្ថានទីក្រុង ហៅកាត់ (ULI) ចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា បានឱ្យដឹងថា លំនៅឋានឯកជននៅក្នុងប្រទេសសិង្ហបុរី បន្តជាប់ចំណាត់ថ្នាក់ថ្លៃជាងគេបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់រយ:ពេលពីរឆ្នាំជាប់ៗគ្នា។
ULI បានបង្ហាញថា តម្លៃជាមធ្យមនៃផ្ទះឯកជនរបស់ប្រទេសសិង្ហបុរី មានតម្លៃប្រមាណ ១,៣លានដុល្លារ គិតក្នុងឆ្នាំ២០២៣ ដែលជាតម្លៃថ្លៃបំផុតក្នុងចំណោមទីក្រុងចំនួន ៤៨ នៅក្នុងប្រទេសចំនួន ១១ដែលវិទ្យាស្ថានបានធ្វើការសិក្សាស្រាវជ្រាវ។
នៅក្នុងនោះទីក្រុងហុងកុង ជាប់ចំណាត់ថ្នាក់ទី២ ដោយតម្លៃផ្ទះឯកជនជាមធ្យម ១,១៥លានដុល្លារ និងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដែលមានតម្លៃជាមធ្យម ១,០៦លានដុល្លារ ជាប់ចំណាត់ថ្នាក់ទី៣។
យ៉ាងណាមិញ បើនិយាយពីតម្លៃក្នុងមួយម៉ែត្រការ៉េហុងកុង គឺជាទីផ្សារលំនៅដ្ឋានឯកជនដែលមានតម្លៃថ្លៃជាងគេនៅក្នុងតំបន់ ជាមួយនឹងតម្លៃជាមធ្យម ១៨ ៣៣១ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
រីឯសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ២ ដោយមានតម្លៃជាមធ្យម ១១ ៧៤៩ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងទីក្រុង Shenzhen ប្រទេសចិន ដែលមានតម្លៃជាមធ្យម ១០ ១៤២ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕