តាមការលើកឡើងរបស់អ្នកជំនាញនៅក្នុងវេទិកាពិភាក្សាស្តីពី«ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២៤» ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកំពុងស្ថិតក្រោមសម្ពាធនៅឡើយ ដោយសារទទួលរងនូវផលប៉ះពាល់ពីវិបត្តិសាកលមួយចំនួន។ ប៉ុន្តែនៅដើមឆ្នាំ២០២៤ វិស័យអចលនទ្រព្យហាក់មានភាពល្អប្រសើរបើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ហើយអាចត្រឡប់ទៅល្អប្រសើរខ្លាំងនៅឆ្នាំ២០២៦ ទៅ២០២៧ខ។
លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា បើគិតពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ វិស័យអចលនទ្រព្យមានការធ្លាក់ចុះយ៉ាងខ្លាំង។ ក្នុងនោះឆ្នាំ២០២៣ ស្ថានភាពបុរីមានការលំបាកខ្លាំង ប៉ុន្តែខុនដូរមានការកើនឡើង០.២% ប្រហាក់ប្រហែលនឹងឆ្នាំ២០២២។ ចំណែកអចលនទ្រព្យបែបពាណិជ្ជកម្ម ការផ្គត់ផ្គង់ចូលមកទីផ្សារមានថ្មីៗជាច្រើន តែតម្រូវការនៅដដែលដែលជាហេតុធ្វើឱ្យមានផលប៉ះពាល់ រីឯអចលនទ្រព្យបែបឧស្សាហកម្មរួមមានវិស័យដីឡូតិ៍ក៏មានផលប៉ះពាល់ និងធ្លាក់ចុះផងដែរ។
ដោយឡែកសម្រាប់ឆ្នាំ២០២៤នេះ ឃើញថាមានសញ្ញាវិជ្ជមានជាងមុនបើធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែនៅតែពិបាក ព្រោះស្ថិតក្នុងការងើបឡើងតិចតួចនៅឡើយ។ លោកបានវាយតម្លៃថា នៅឆ្នាំ២០២៦ ទៅ២០២៧ខាងមុខ វិស័យអចលនទ្រព្យនៅកម្ពុជាអាចងើបឡើងវិញដូចឆ្នាំ២០១៩ដែរ ដោយលោកបានមើលឃើញថាអចលនទ្រព្យកំពង់សោមនឹងរីកចម្រើនដូចទីក្រុងនៅប្រទេសចិនដែរ ហើយសណ្ឋាគារនៅក្រុងព្រះសីហនុក៏មានការងើបឡើងវិញ។ ដូច្នេះប្រហែលឆ្នាំ២០២៦ ទៅ២០២៧ អចលនទ្រព្យនឹងមានដំណើរការល្អឡើងវិញ។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច ក៏បានលើកឡើងផងដែរថា ចំពោះវិស័យអចលនទ្រព្យ យើងឃើញថាកាលណាដួលរលំនៃទីផ្សារអចលនទ្រព្យវាពិបាកក្នុងការងើបឡើងមកវិញ វាត្រូវការពេលយូរគឺរង្វង់២ទៅ៣ឆ្នាំ តែអ្វីដែលលោករំពឹងទុក ទីផ្សារអចលនទ្រព្យងើបឡើងវិញវាអាស្រ័យទៅលើកត្តាពីរធំៗ ទី១ កំណើនសេដ្ឋកិច្ចក្នុងស្រុក និងតម្រូវការនៅក្នុងស្រុកជាតម្រូវការបែបណា នៅក្នុងស្រុករបស់យើងតម្រូវការបច្ចុប្បន្នគឺតម្រូវការសម្រាប់លក់បន្ត មិនមែនមិនមែនជាតម្រូវការសម្រាប់ស្នាក់នៅទេ ដោយតម្រូវការស្នាក់នៅឃើញថាវាពេញរួចទៅហើយ ដូច្នេះតម្រូវការសម្រាប់លក់បន្តលុះត្រាតែកំណើនសេដ្ឋកិច្ចមានកំណើនខ្ពស់ទើបបានអាចធ្វើឱ្យតម្រូវការសម្រាប់ការលក់បន្តអាចនឹងរីកចម្រើនបាន។
ទី២ លុះត្រាតែមានលំហូរហិរញ្ញវត្ថុពីក្រៅប្រទេស បើគ្មានលំហូរហិរញ្ញវត្ថុពីក្រៅប្រទេសសម្រាប់វិនិយោគលើវិស័យនេះទេ វិស័យនេះក៏នៅតែជាប់គាំងបន្តទៀតដែរ។ ហើយការងើបឡើងទៀតសោត មិនមែនដោយសារទីផ្សារក្នុងស្រុករឹងមាំទេ ការងើបឡើងដោយសារទីផ្សារក្នុងស្រុកខ្លួនឯងគឺតិចតួច តែអ្វីដែលងើបឡើងខ្លាំងគឺដោយសារតែលំហូរហិរញ្ញវត្ថុពីស្រុកចិនមកវិនិយោគលើអចលទ្រព្យនេះធ្វើឱ្យស្ទុះខ្លាំង ពិសេសគឺនៅតំបន់កំពង់សោម កាលណាវិនិយោគតំបន់កំពង់សោមច្រើន អ្នកកំពង់សោមត្រូវចាកចេញពីកំពង់សោម ដើម្បីមកទិញផ្ទះនៅទីក្រុងភ្នំពេញ។ អីចឹងវាជាចរន្តមួយដែលបង្កើតឱ្យមានការរីកចម្រើននៃវិស័យនេះ ហើយការពុះឡូតិ៍របស់យើងនេះដោយសារតែយើងមិនមានផែនការមេនៃការរៀបចំទីក្រុងច្បាស់លាស់ កន្លែងណាក៏ជាលំនៅដ្ឋាន ធ្វើឱ្យទុំជោរនៅទីផ្សារអចលនទ្រព្យ។
លោកបន្តថា ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ ការរៀបចំនគរូបនីយកម្មត្រូវតែធ្វើឱ្យបានប្លង់នគរូបនីយកម្ម បង្ហាញសាធារណជនឱ្យដឹង ដើម្បីកុំឱ្យប្រជាពលរដ្ឋយើងលង់ខ្លួនឬចាញ់បោកនឹងអ្នកវិនិយោគទៅលើអចលនទ្រព្យនេះតទៅទៀត៕