នាវាដឹកទំនិញ បំពាក់ទង់ជាតិប្រទេសសិង្ហបុរី មានឈ្មោះថា DALI បានបើកបុកស្ពានដែក Francis Scott Key នៅទីក្រុង Baltimore បណ្ដាលឱ្យបាក់ស្ពានខូចខាតធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី២៦ ខែមីនា ២០២៤។
មុនពេលកើតគ្រោះថ្នាក់នេះ បុគ្គលិកនាវាបានធ្វើការទាក់ទង និងផ្ដល់ព័ត៌មានទៅកាន់អាជ្ញាធរថា នាវាបានបាត់បង់ការគ្រប់គ្រង និងសុំការអន្តរាគមន៍ជាបន្ទាន់ ហើយដោយសារទទួលបានដំណឹងនេះ ទើបក្រុមប៉ូលិស សម្រួលចរាចរណ៍ និងបានធ្វើការជម្លៀសប្រជាជនពីលើស្ពានមួយចំនួនធំ មុនបាក់ស្ពាន។
នាវាដឹកទំនិញនោះមានឈ្មោះថា DALI គឺជានាវារបស់ក្រុមហ៊ុន Grace Ocean Co Pte Ltd ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលផ្ដល់សេវាកម្មដឹកជញ្ជូនតាមផ្លូវទឹកបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ហើយមុនបើកបុកស្ពានដែកនៅអាមេរិកនេះ គឺពួកគេមានគោលដៅដឹកទំនិញទៅកាន់ប្រទេសស្រីលង្កា៕