មហាសេដ្ឋី Asok Kumar Hinranandani អ្នកគ្រប់គ្រងក្រុមហ៊ុន Royal Group of Companies បានទិញយកអគារ Ming Arcade ដែលស្ថិតនៅសង្កាត់ពាណិជ្ជកម្ម Orchard Road ក្នុងតម្លៃ ១៧២ លានដុល្លារសាំងហ្គាពួរ ឬ ១២៦,៦លានដុល្លារអាមេរិក។
បើតាមការចុះផ្សាយពី Forbes បានបង្ហាញថា តម្លៃខាងលើបានបង្កើតកំណត់ត្រាថ្មីសម្រាប់ការទិញយកអគារពាណិជ្ជកម្មនៅសិង្ហបុរី ដោយសារវាមានតម្លៃថ្លៃបំផុត ពោល ៣ ១២៥ដុល្លារសាំងហ្គាពួរ ក្នុងមួយហ្វីតការ៉េ ឬជាង ២ ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ។
អគារ Ming Arcade គឺហ៊ុំព័ទ្ធទៅដោយសំណង់អាគារធំៗជាច្រើនដូចជា សណ្ឋាគារ Four Seasons Hotel, St Regis Hotel & Residences និងខន់ដូទំនើបៗ។
សូមបញ្ជាក់ថា មេធំ Royal Group ជាមហាសេដ្ឋីមានបំផុតមួយរូបនៅសិង្ហបុរី ដោយជាប់លេខរៀងទី ២៥នៃតារាងអ្នកមានដាច់គេប្រចាំប្រទេសជាមួយទ្រព្យសម្បត្តិ ១,៧ ពាន់លានដុល្លារអាមេរិក៕