កំណាត់ផ្លូវកៅស៊ូចេញចូលទៅកាន់ស្ពានបាក់ចាស់នៅត្រើយខាងលិចចំណុចស្ទឹងព្រែត្នោត ក្បែរស្ពានកំពង់ទួលផ្លូវជាតិ៣ ស្ថិតនៅក្នុងភូមិក្រាំងពង្រ ឃុំក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានគេធ្វើរបងបេតុងទ្វារដែកបិទ ហាក់ដូចខ្លួនជាម្ចាស់ផ្លូវ និងចំណីផ្លូវទៅហើយ តែលោកចៅសង្កាត់និយាយមកហាក់ដូចជាឯកភាពឱ្យមានការសាង់សង់បិទផ្លូវសាធារណៈ ធ្វើឱ្យពលរដ្ឋមិនអាចឆ្លងកាត់ដោយសេរីបានដូចមុន គ្រាដែលសំណង់នោះរឹងមាំ និងមានអ្នកយាមកាម។
លោក ម៉ៅ សុផុន ចៅសង្កាត់ក្រាំងពង្របានឱ្យ 1Post ដឹងថា គេមិនបានយកផ្លូវនឹងទេ ស្ពានអត់ដំណើរការ ការធ្វើបាំងផ្លូវដូចនេះមកពីមនុស្សដើរកាត់ផ្លូវនឹងចេញចូលដីគេដែលនៅសងខាងផ្លូវ (សម្លេង)។
បើតាមរូបភាពផ្ទាល់នៅជាប់មាត់ស្ទឹងក៏ឃើញស្នាមចាក់ដីបំពេញលើកជាទំនប់បិទទឹកមើលទៅដូចជាស្រះដែលមានដើមឈើងាប់លិចទឹកនៅក្នុងនោះ។
ទាក់ទងសកម្មភាពខាងលើ 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីម្ចាស់ដីបាននៅឡើយ គ្រាដែលស្ត្រីម្នាក់ស្នាក់នៅអាគារជាប់ច្រកទ្វាចេញចូលផ្លូវរដ្ឋនោះថា ខ្លួនជាអ្នកចាំដីឱ្យគេមិនបានដឹងរឿងអ្វីផ្សេងទេ។
កើតចេញពីករណីនេះនាំឱ្យគេកើតឆ្ងល់ថា ហេតុអ្វីសម្បត្តិរដ្ឋ សម្បត្តិរួម បែជាឯកបុគ្គលមកធ្វើបែបនេះបាន ទោះជាស្ពានមិនអាចឆ្លងកាត់បាន តែផ្លូវ ចំណីផ្លូវ និងចំណីស្ទឹង គឺសាធារណៈជនទូទៅនៅតែអាចធ្វើដំណើរ អង្គុយលេង ហាត់ប្រាណ និងចេញចូលរកអាស្រ័យផលបាន ពិសេសអ្នកភូមិក្នុងតំបន់។ បើបុគ្គលនោះខ្លាចគេឆ្លងកាត់ដីរបស់ខ្លួនម្ដេចមិនសង់របងបិទលើដីខ្លួនឯង មិនត្រឹមប៉ុណ្ណឹងថែមទាំងមានអ្នកយាមកាមជាប្រចាំផងទៀត។
ចំណែកលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ មិនទាន់អាចសុំការការបញ្ជាក់នៅឡើយ បន្ទាប់ពីក្រុុមការងារ 1Post បានផ្ញើសារសំណួរទៅកាន់បណ្ដាញ WhatsApp របស់លោកស្រីតាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់វេលាចេញផ្សាយនេះ។
នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងសុំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ SP