នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ គិតចាប់ពីខែមករាដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបចំនួន ១១.១លាននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦%។
ភ្ញៀវទាំងនោះមានមកពីប្រទេសថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី។
នៅក្នុងនោះបើយោងតាមការព្យាករណ៍ចុងក្រោយនៅឆ្នាំ២០២៣នេះ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ កើនឡើង ១២០% ធៀបនឹងឆ្នាំ២០២២៕