សហគមន៍ជនជាតិដើមភាគតិច “ព្នង” នៅស្រុកកោះញែកលើកគ្នាតវ៉ា រឿងគេវាតទីយកដីព្រៃកប់ខ្មោចព្រៃអារក្យអ្នកតារួម

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 12 ឧសភា 2023
សហគមន៍ជនជាតិដើមភាគតិច “ព្នង” នៅស្រុកកោះញែកលើកគ្នាតវ៉ា រឿងគេវាតទីយកដីព្រៃកប់ខ្មោចព្រៃអារក្យអ្នកតារួម

ប្រជាពលរដ្ឋជិត ១០០គ្រួសារ នៃសហគមន៍ជនជាតិដើមភាគតិច “ព្នង” បានលើកគ្នាមកតវ៉ាដោយចោទអាជ្ញាធរនិងមន្ត្រីសុរិយោដីថាបានគប់គិតគ្នាយកដីព្រៃកប់ខ្មោចព្រៃអារក្យអ្នកតារួមនិងដីព្រៃសហគមន៍របស់រដ្ឋជាង ១០០០ហិកតាស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ឱ្យទៅបុគ្គលមួយចំនួន។

ការលើកគ្នាតវ៉ានោះបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីអាជ្ញាធរនិងមន្ត្រីសុរិយោដីបានកាត់ឆ្វៀលដីឱ្យទៅបុគ្គលដែលពួកគាត់បានឃើញឈ្មោះក្នុងបញ្ជីបិទប្រកាសចំនួន៣១ឈ្មោះ។ ក្នុងចំណោមនោះក៏មានឈ្មោះលោកមេឃុំរយ៉ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោក ផានប៊ុនធឿន មេបញ្ជាការសឹករងស្រុកកោះញែក និងសាច់ញាតិបក្ខពួកដទៃទៀតដែលពុំមែនជាអ្នកភូមិ។

សហគមន៍ជនជាតិដើមភាគតិច “ព្នង” នៅស្រុកកោះញែកលើកគ្នាតវ៉ា រឿងគេវាតទីយកដីព្រៃកប់ខ្មោចព្រៃអារក្យអ្នកតារួម

បើតាមលោក ស្រើម ចូញ, លោក ក្រេះ ក្លេត, លោក ប្រង់ ណច តំណាងសហគមន៍ជនជាតិដើមភាគតិច“ព្នង” បានលើកឡើងដូចៗគ្នាថា ដីព្រៃសម្រាប់កប់ខ្មោចត្រង់ចំណុចភ្នំក្រុំ និងដីព្រៃសហគមន៍ចំណុចភ្នំចុងក្រែង ដីព្រៃចំណុចច្រប់ពុលពត សរុបជាង ១០០០ហិកតារ ស្ថិតនៅភូមិមេមុំ ត្រូវបានមន្ត្រីសុរិយោដីស្រុកកោះញែក និងខេត្តប្រើម៉ាស៊ីន GPS វាស់វែងកាត់ឆ្វៀលឱ្យទៅក្រុមមនុស្សខាងលើយ៉ាងអនាធិបតេយ្យ ដែលធ្វើឱ្យពួកគាត់មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដីអាស្រ័យផលជាច្រើនឆ្នាំរបស់ជនជាតិដើមភាគតិច “ព្នង” ដែលនៅក្បែរផ្ទះមានដំណាំស្រាប់ មន្ត្រីជំនាញមិនវាស់ វែង ឬ ចេញប្លង់ឱ្យទេ ដោយថា “ជាដីព្រៃរបស់រដ្ឋ”។ ស្រាប់តែស្ងាត់ៗបែរជា វាស់វែងដីព្រៃសហគមន៍របស់រដ្ឋត្រង់ចំណុចជាព្រៃស្រោងមកអង្កន់ពុះចែកគ្នាទៅវិញ។

សហគមន៍ជនជាតិដើមភាគតិច “ព្នង” នៅស្រុកកោះញែកលើកគ្នាតវ៉ា រឿងគេវាតទីយកដីព្រៃកប់ខ្មោចព្រៃអារក្យអ្នកតារួម

តំណាងសហគមន៍បានឱ្យដឹងទៀតថា  ក្រុមពលរដ្ឋបានតវ៉ានិងដាក់ពាក្យបណ្តឹងទប់ស្កាត់ជាច្រើនសន្លឹកតាមលេខរៀងក្បាលដីនីមួយៗដែលបានវាស់គ្របលើដីអាស្រ័យផលរបស់ពួកគាត់ជាពិសេសគឺដីព្រៃសហគមន៍តែម្តង។ ប៉ុន្តែបណ្តឹងនោះមន្ត្រីនៅកន្លែងបិទប្រកាសសាលាឃុំរយ៉មន្ត្រីសុរិយោដីស្រុកនិងខេត្តមណ្ឌលគិរី បដិសេធមិនទទួល ហើយក៏មិនដោះស្រាយឱ្យដែរ។

ទាក់ទងករណីខាងលើ 1Post មិនអាចទាក់ទងសុំការបញ្ជាក់ពីអាជ្ញាធរស្រុកកោះញែកបាននៅឡើយ ហើយនឹងកំពុងរង់ចាំការបញ្ជាក់ពីគ្រប់ភាគីដែលពាក់ព័ន្ធបន្តទៀត៕ (ព័ត៌មានបឋម)

សហគមន៍ជនជាតិដើមភាគតិច “ព្នង” នៅស្រុកកោះញែកលើកគ្នាតវ៉ា រឿងគេវាតទីយកដីព្រៃកប់ខ្មោចព្រៃអារក្យអ្នកតារួម