លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាឱ្យសមត្ថកិច្ចតាមរកជនបង្កគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារបណ្ដាលឱ្យទារកអាយុ១ខែស្លាប់ឱ្យឃេីញ។ បទបញ្ជាបែបនេះធ្វើឡេីងក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ ប្រារព្ធនៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
គួររម្លឹកថា ករណីចរាចរណ៍នោះបង្កឡើងដោយយុវជនម្នាក់សង្ស័យផឹកស្រាស្រវឹងហើយបើករថយន្តទំនើប ទៅបុកប្តីប្រពន្ធនិងកូនតូចជិះម៉ូតូលើស្ពានជ្រោយចង្វារបណ្ដាលឱ្យកូនតូចត្រូវស្លាប់ហើយប្តីប្រពន្ធក៏រងបួសធ្ងន់ដែលរំលងហួសជាងកន្លះឆ្នាំមកហើយពោលគឺចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០២២មក។ ក្រោយបង្កហេតុសមត្ថកិច្ចបានដោះលែងជនបង្កនិងសងសំណងទៅជនរងគ្រោះ១០លានរៀលឬស្មើនឹង២៥០០ដុល្លារអាមេរិក គ្រាដែលមហាជនបញ្ហាញការប្រតិកម្មច្រើនលើបណ្ដាញសង្គមក្នុងករណីនេះ៕