ក្រោយពីបញ្ចប់ឱសានវាទលើកទី៣ ចំថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ កម្លាំងចម្រុះរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំង បានចុះរៀបចំសណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវសាធារណ: បន្ទាប់ពីពិនិត្យឃើញអាជីវករនៅតែបន្តលក់ដូរ ទោះគ្រាកន្លងទៅធ្លាប់ចុះណែនាំជាច្រើនលើកមកហើយ។
លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង ដែលដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់នេះ បានកំណត់ឱ្យអ្នកលក់ដូរទាំងអស់ត្រូវតែរុះរើ តុ គ្រែ សំយ៉ាប និងបង្ខិតរោងថយក្រោយឱ្យផុតពីលើចិញ្ចើមផ្លូវការ៉ូឡា ដោយត្រូវទុក៣ម៉ែត្រ សម្រាប់អ្នកថ្មើជើងដើរទៅមក។
ទីតាំងចុះរៀបចំនេះស្ថិតនៅចំណុចខាងត្បូងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរហូតដល់មុខមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដែលអាជីវករលក់ដូរនៅលើចិញ្ចើមផ្លូវមិនព្រមថយក្រោយតាមការណែនាំរបស់អាជ្ញាធក្រុង។ រីឯអ្នករឹងទទឹងសមត្ថកិច្ចបានធ្វើការរុះរើសម្ភារខ្លះដាក់លើរថយន្តនាំយកទៅសាលាក្រុងដើម្បីធ្វើការអប់រំណែនាំឱ្យបញ្ឍប់ការលក់ដូរនៅលើចិញើមផ្លូវសារធារណ:ទៀតដែលធ្វើឱ្យប៉ះពាល់ដល់ សោភ័ណភាព សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន គ្រាដែលក្រុងមួយនេះជាបេក្ខភាពសម្រាប់ការប្រឡងប្រណាំទីក្រុងស្អាតផងដែរ។
លោកអភិបាលក្រុងបានសង្កត់ធ្ងន់ថា នៅមានទីតាំងច្រើនទៀតដែលមានការលក់ដូរបំពានលើចំណីផ្លូវសាធារណៈក្នុងក្រុងកំពង់ឆ្នាំង ហើយបើធ្វើការអប់រំណែនាំបន្ថែមជាលើកទី៣នៅតែរឹងទទឹង សមត្ថកិច្ចចម្រុះនឹងចុះអនុវត្តចាត់វិធានការរដ្ឋបាលរុះរើចេញ បន្ទាប់ពីបញ្ចប់ថ្ងៃឱសានវាទនៃសេចក្ដីជូនដំណឹង ដូចជាសកម្មភាពខាងលើនេះ៕ សុក្ខារិន