អណ្តើកហ្លួងជិតផុតពូជចំនួន៤ សម្បុកពងបាន ៥៤គ្រាប់លើឆ្នេរខ្សាច់សិប្បនិម្មិត នៅកោះកុង

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 20 មករា 2023
អណ្តើកហ្លួងជិតផុតពូជចំនួន៤ សម្បុកពងបាន ៥៤គ្រាប់លើឆ្នេរខ្សាច់សិប្បនិម្មិត នៅកោះកុង

ក្រុមការងារអភិរក្សអណ្តើក នៃអង្គការ WCS និងរដ្ឋបាលជលផល បានរកឃើញពងអណ្តើកហ្លួងចំនួន៤ សម្បុកលើឆ្នេរខ្សាច់សិប្បនិម្មិត ក្បែរស្រះបង្កាត់ពូជក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង កាលពីថ្ងៃទី១៦-១៩ ខែមករា ឆ្នាំ២០២៣ សរុបចំនួនពង ៥៤គ្រាប់។ 

តាមរូបភាពដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិរបស់ក្រុមការងារ ដាក់ចាំថតនៅលើឆ្នេរខ្សាច់នោះ បានបង្ហាញឱ្យដឹងថាមានអណ្តើកមេជាច្រើនក្បាលបានឡើងពីស្រះ បង្កាត់ពូជមកកាយខ្សាច់ទម្លាក់ពង នៅវេលាចន្លោះម៉ោង ៩យប់ ដល់ពាក់កណា្តលយប់កាលពីថ្ងៃទី១៦ និង១៨ខែមករា ដើមសប្តាហ៍នេះ។

អណ្តើកហ្លួងជិតផុតពូជចំនួន៤ សម្បុកពងបាន ៥៤គ្រាប់លើឆ្នេរខ្សាច់សិប្បនិម្មិត នៅកោះកុង

ជាមួយគ្នានេះ ក្រុមការងាររំពឹងថានឹង រកឃើញពងអណ្តើកហ្លួង នៅក្នុងមជ្ឈមណ្ឌលនេះបន្ថែមទៀត ក្នុងរដូវពងកូនឆ្នាំ២០២៣ ដែលចាប់ផ្តើមពីខែមករារហូតដល់ខែមិនា។

សូមរម្លឹកថា  រាជរដ្ឋាភិបាលបានចេញព្រះរាជក្រឹត្យចាត់ចំណាត់ថ្នាក់ប្រភេទនេះជា សត្វល្មូនជាតិតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា។ អណ្តើកហ្លួង មានឈ្មោះជាភាសាអង់គ្លេស ថា Southern River Terrapin និងឈ្មោះវិទ្យាសាស្ត្រថា Batagur affinis។ អណ្តើកប្រភេទនេះត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUC ថាជាប្រភេទជិតផុតពូជបំផុត៕

អណ្តើកហ្លួងជិតផុតពូជចំនួន៤ សម្បុកពងបាន ៥៤គ្រាប់លើឆ្នេរខ្សាច់សិប្បនិម្មិត នៅកោះកុង